សត្វ​ទោច​ម្កុដ​មួយគូរ​ទៀត ត្រូវបាន​យកទៅ​ដោះលែង​អោយមាន​សេរីភាព​នៅក្នុង​ព្រៃ​តំបន់​អង្គរ ក្រោយពី​ចិញ្ចឹម​ក្នុង​ទ្រុង​អស់​មួយ​ឆ្នាំកន្លះ !

​សៀមរាប​៖ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ព្រលែង​សត្វ​ទោច​ម្កុដ​មួយគូរ​ទៀត អោយមាន​សេស​រី​ភាព និង​រស់​បង្កាត់​ពូជ​នៅក្នុង​ព្រៃ​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោយពី​ដាក់​ចិញ្ចឹម​មើលថែ​ក្នុង​ទ្រុង​អស់​រយ​:​ពេល​១​ឆ្នាំកន្លះ ទៅក្នុង​ព្រៃឈើ​ប្រាសាទអង្គរធំ ។​

​នាយក​អង្គការ​ស​ម្ព័​ន​មិត្ត​សង្គ្រោះ​សត្វព្រៃ លោក និក ម៉ាក មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​អង្គការ​មួយ​នេះ បាន​យក​សត្វ​ទោច​ម្កុដ​មក​ចិញ្ចឹម​អោ​មាន​ភាពស៊ាំ ហើយ​ដោះលែង​វិញ​នៅក្នុង​ព្រៃអង្គរ​។ លើក​ទី​១​នៅ​ប្រាសាទ​តា​នៃ ដែល​សត្វ​ទោច​ម្កុដ​នេះ​បង្កើតកូន​បាន​៣​ក្បាល​, លើក​ទី​២ នៅ​ខ្លោងទ្វារ​ខ្មោច បង្កើតកូន​បាន​២​ក្បាល និង​លើក​ទី​៣​នេះ​នៅ​ខ្លោងទ្វារ តា​កាវ​។ លោក​បន្តថា សត្វ​ទោច​ម្កុដ​ទាំងនេះ យក​មកពី​ភ្នំ​តា​ម៉ៅ នៃ​ខេត្តតាកែវ បន្ទាប់ពី​រឹបអូស ពី​ក្រុម​ជួញដូរ​សត្វព្រៃ ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​។ គិត​មកដល់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០២០​នេះ សត្វ​ទោច​ម្កុដ នៅក្នុង​ព្រៃអង្គរ មាន​ចំនួន ១១​ក្បាល​។ លោក​បាន​អោយដឹងទៀតថា មូលហេតុ​ដែល​នាំយក​សត្វ​ទោច​ម្កុដ​មក​ព្រលែង​អោយ​រស់នៅ និង​បង្កាត់​ពូជ​ក្នុង​ព្រៃអង្គរ ពីព្រោះ​ព្រៃ​នេះ​មាន​ដើមឈើ​ចម្រុះ មាន​ផ្លែផ្កា​ជា​ចំណី អមដោយ​ការថែរក្សា​ការពារ ដែល​អាចអោយ​សត្វ​ខាងលើ​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯងបាន ។ លោក​បញ្ជាក់ទៀតថា ក្រៅពី​សត្វ​ទោច​ម្កុដ អង្គការ​មួយ​នេះ ក៏​ធ្លាប់បាន​ព្រលែង​សត្វព្រៃ​ផ្សេងទៀត​មួយចំនួន​ដូចជា ឈ្លូស ភេ ស្វា​ព្រាម​។​ល​។ ហើយក៏​គ្រោង​យក​សត្វ​ស្លាប និង​សត្វ​ផ្សេៗ​ទៀត មក​ព្រលែង​ទៀតផង​ដែរ​។​

​ចំណែក​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​ព្រៃឈើ នៃ​អជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អោយដឹង​ដែរ​ថា សត្វ​ទោច​ម្កុដ​ទាំងនេះ គឺ​បាន​យកមក​ចិញ្ចឹម​នៅក្នុង​ព្រៃអង្គរ​រយ​:​ពេល​១​ឆ្នាំកន្លះ​មកហើយ មុនពេល​ព្រលែង ដើម្បីអោយ​មាន​ភាពស៊ាំ​។ ការធ្វើ​បែបនេះ​គឺ​អោយ​សត្វ​បាន​ស្គាល់​ព្រៃ និង​បាន​តាមដាន​អំពី​សុខភាព​ពួកគេ​ផង​។ លោក​បន្តថា សត្វ​ទោច​ម្កុដ​ខុសពី​សត្វ​ផ្សេងទៀត ដោយ​សត្វ​ប្រភេទ​នេះ​ពួកវា​រស់នៅ​ក្រោម​មែកឈើ ត្បិត​ពួកវា​ដើរ​ដោយ​ដៃ​ច្រើនជាង​ជើង ប៉ុន្តែ​មិន​ដូច​សត្វ​ផ្សេងៗ​រស់​នៅលើ​មែកឈើ​ឡើយ​។ សត្វ​ទោច​ម្កុដ​ក្រោយ​បង្កើតកូន​បាន​ធំ​បន្តិច កូន​ទាំងនោះ​ក៏​ចាក​ចេញពី​មេ​ទៅ​ស្វែងរក​គូរ​ដោយ​ខ្លួនឯង ដោយ​មិនអាច​ស្នេហា​ឬ​បង្កើតកូន​នៅក្នុង​គ្រួសារ​តែមួយ​ដូច​សត្វ​ផ្សេង​នោះឡើយ​។ ពួកវា​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ ទើប​ចេះ​បង្កាត់កូន​បន្ត​ពូជ​។​ការដែល អង្គការ​ខាងលើ សម្រេចយក​សត្វ​មក​ព្រលែង​ក្នុង​ព្រៃអង្គរ ព្រោះ​យល់ថា ទីនេះ​មាន​ព្រៃឈើ​ចម្រុះ​មាន​សក្តានុពល និង​មានការ​ការពារ​បានល្អ និង​មាន​សុវត្ថិភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​