ប្រជាកសិករសហគមន៍រំដួលដូនតី ក្នុងស្រុកពញាក្រែក ទទួលសម្ភារកសិម្ម ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា 

(ត្បូងឃ្មុំ)៖ ក្នុងទិសដៅលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនប្រជាកសិករ នៅតាមសហគមន៏ តាមរយៈការផលិតដំណាំកសិកម្ម និងការចិញ្ចឹមសត្វនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានរៀបចំកម្មវិធីចែកសម្ភារកសិកម្មបន្ថែម ជូនដល់កសិករសមាជិកសហគមន៍រំដួលដូនតី ដែលកំពុងដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វចំនួន៤៩គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីចែកសម្ភារកសិកម្មនេះធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ក្រុមប្រឹក្សាស្រុកពញាក្រែក លោកអភិបាលស្រុកពញាក្រែក ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងប្រជាកសិករជាច្រើននាក់ផងដែរ។
ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានថ្លែងថា បច្ចុប្បន្ននេះតម្លៃទីផ្សារដំណាំកសិកម្មផ្សេងៗ របស់ប្រជាកសិករ ហាក់មានសន្ទុះខុសពីឆ្នាំកន្លងទៅ ដែលបានជម្រុញទឹកចិត្តបងប្អូនប្រជាកសិករ កាន់តែខិតខំដាំដុះទ្វេឡើង ហើយតម្លៃទីផ្សារកសិផលប្រជាកសិករក៏មានសន្ទុះខ្លាំងផងដែរ ដែលនេះគឺដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងគៀងគរ អ្នកវិនិយោគទុនធំៗ មកពីក្រៅប្រទេស ឱ្យមកបណ្តាក់ទុនធ្វើការវិនិយោគ លើវិសយ័កសិកម្មនេះ។

ឯកឧត្តម បានបន្ថែមទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរកសិកម្មខេត្ត ដោយមានការចូលរួមគាំទ្រថវិកាពីអង្គការ សមាគមផ្សេងៗ បានចែកជូនសម្ភារកសិកម្ម ជូនប្រជាកសិករដោយឥតគិតថ្លៃ ព្រមទាំងបានបង្រៀនពីបច្ចេកទេស នៃការដាំដុះ និងការចិញ្ចឹមសត្វថែមទៀតផង។ ជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចែកសម្ភារកសិកម្មជូនប្រជាកសិករចំនួន ៤៩គ្រួសារមកពីសហគមន៍រំដួលដូនតី ស្រុកពញាក្រែក ដោយឥតគិតថ្លៃថែមទៀតផង។

ឯកឧត្តម ពាង ណារិទ្ធ ក៏បានធ្វើការផ្តាំផ្ញើ សូមឱ្យកសិករទាំងអស់យកចិត្តទុកដាក់ក្នុងការដាំដុះ និងចិញ្ចឹមសត្វឱ្យបានល្អ ត្រូវទាក់ទងមកមន្រ្តីជំនាញបានទាន់ពេលវេលា រាល់បញ្ហាដែលកើតមាននៅពេលអនុវត្ត និងការចិញ្ចឹមសត្វ ព្រោះអាកាសធាតុមានការប្រែប្រួលខ្លាំង អាចបណ្តាលឱ្យមានផលប៉ះច្រើនដល់សហគមន៏ ជាពិសេសវិបត្តជាសកលនៃជម្ងឺរាតត្បាតកូវិដ-១៩ ក៍ដូចជាចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងបន្ត នៃមេរោគដ៏កាចសាហាវ កូវីដ-១៩ នៅកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ