រមណីយដ្ឋាន ព្រៃបាសាក់នឹងក្លាយជាតំបន់ទេសចរណ៍ សម្រាប់ខេត្តស្វាយរៀង ក្រោយការរៀបចំរួចរាល់

(ស្វាយរឿង)៖ នាព្រឹកថ្ងៃពុធ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសំណង់ដែលកំពុងបំពេញការងារនៅរមណីដ្ឋានព្រៃបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកលោកស្រី ប្រធានមន្ទីរ-អង្គភាពខេត្ត លោកអភិបាលស្រុកស្វាយជ្រំ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអមដំណើរពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់បងប្អូនកម្មករ និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិរួចផុតពីភ្លើងសង្គ្រាម និងបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យចាប់ពីទីក្រុងរហូតដល់ជនបទ ប្រជាជនរស់ក្រោមដំបូលសុខសន្តិភាពរហូតដល់សព្វថ្ងៃ។

ជាក់ស្តែងវឌ្ឍនភាពរបស់ខេត្តស្វាយរៀង បាននឹងកំពុងបោះជំហានទៅមុខ ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនេះ រមណីដ្ឋានព្រៃបាសាក់ ដូចអ្វីដែលយើងបានឃើញនៅពេលនេះ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំរៀបចំអភិវឌ្ឍអោយក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ខេត្តស្វាយរៀងក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតផងដែរ។

ជាចុងបញ្ចប់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បាននាំមកនូវអំណោយចែកជូនដល់កម្មករ ក្នុងម្នាក់ៗទទួលបាន អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ សារ៉ុង និងថវិការចំនួន២០,០០០រៀល ចំពោះប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច និងប្រជាការពារម្នាក់ៗ២០,០០០រៀល ចំណែកប្អូនៗក្មួយៗតូចៗទទួលបានម្នាក់ៗ១០,០០០រៀល ផងដែរ៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង