ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ

(រតនគិរី)៖ នៅព្រឹក ថ្ងៃ ពុធ ១១ កើត ខែ អាសាឍ ឆ្នាំជូតព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០ គ្រួសារមកពីឃុំតាវែងលើ ២០គ្រួសារ ឃុំតាវែងក្រោម២០គ្រួសារ ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ថង សាវុន បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជម្ងឺកូវីត ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់និងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ហោចណាស់ឱ្យបាន ១ នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយ ត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តអំពានាវ ដល់បងប្អូនទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបចុកស្អាត កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុង ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងជួយអប់រំណែនាំដល់កូនចៅអោយរស់ឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគតរបស់ក្មេងៗ និងក្រុមគ្រួសារផងដែរ។

ជាមួយគ្នានេះ សាខាបានប្រគល់ អាវពោង ចំនួន៣០ ជូនអនុសាខាសម្រាប់ប្រើប្រាស់ពេលទឹកជំនន់ និងបានផ្សព្វផ្សាយ ចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត ១៩ប័ណ្ណសុវត្ថិភាពចរាចរណ៍ ប័ណ្ណចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់អ្នកចូលរួមទាំងអស់ផងដែរ។ ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋមានដូចជា៖ អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ ឃីត(មុង ភួយ សារុង ក្រមា)១ឃីត និងថវិកាមួយចំនួនទៀតផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី