ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​

​កំពត​៖ ថ្ងៃ​អង្គារ ១០​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក​អភិបាលស្រុក​ទឹកឈូ មន្ត្រីរាជការ​ខេត្ត ស្រុក​ទឹកឈូ កងកម្លាំងប្រដាប់អាវុធ និង​យុវជន​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហមកម្ពុជា​។​

​ឯកឧត្ដម ជាវ តា​យ បាន​មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​ផ្ទះ​ស​ប្បែង ដោយសារ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) មិនអាច​ដឹង​ទុក​មុន​បានទេ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ កើតឡើង​ជាយថាហេតុ និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ធ្វើ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ជាប្រចាំ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ខេត្ត នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជាប់​ជានិច្ច ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ ឯកឧត្តម បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កបង្កើនផល​នៅ​ដើមរដូវ​វស្សា​នេះ និង​ចិញ្ចឹមសត្វ ដាំ​ដំណាំ​រួមផ្សំ និង​បន្លែ​ជុំវិញ​ផ្ទះ ដើម្បី​បង្កើន​ចំណូល​ជីវភាព​គ្រួសារ​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​អភិបាលខេត្ត បាន​នាំយក​នូវ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ៣៣​គ្រួសារ ក្នុងនោះ​÷
-​គ្រួសារ​ខូចខាត​ធ្ងន់ធ្ងរ (​រំលំ​ផ្ទះ​ទាំងស្រុង​) ចំនួន ០៥​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ តង់​កៅស៊ូ ១ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ២០០.០០០​រៀល​។​
-​គ្រួសារ​ខូចខាត​មធ្យម ចំនួន ២០​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ៤០.០០០​រៀល​។​
-​គ្រួសារ​ខូចខាត​តិចតួច ចំនួន ៨​គ្រួសារ ក្នុង ០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥​គ​.​ក មី​១​កេះ ត្រីខ​១​យួរ ស្ករស​១​គ​.​ក ទឹក​សុទ្ធ​១​កេះ និង​ថវិកា​ចំនួន ២០.០០០​រៀល​។ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​