លោក អម សុភា អភិបាលរងខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត អញ្ជើញចុះពិនិត្យតាមដានមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងការចិញ្ចឹមមាន់-ទាពង នៅស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ ព្រមទាំងសហការី បានចុះពិនិត្យតាមដានមើលការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងការចិញ្ចឹមមាន់-ទាពង នៅស្រុកបរិបូណ៌ ក្នុងគោលបំណងជម្រុញ និងលើកទឹកចិត្តដល់កសិករ ឱ្យខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងការផលិតស្បៀងឱ្យសមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

ជារួមការងារបង្កបង្កើនផលដំណាំស្រូវវស្សាទូទាំងស្រុកសាបព្រួសបានចំនួន ១៨ ៣១០ហិកតា ស្មើនឹង ១០០,០៥% នៃផែនការ ១៨ ៣០០ហិកតា ក្នុងនោះ ស្រូវស្រាលបង្កើនរដូវអនុវត្តបានចំនួន ៤ ២១០ហិកតា ស្រូវកណ្តាលអនុវត្តបានចំនួន ៨ ០៥៥ហិកតា និងស្រូវធ្ងន់អនុវត្តបានចំនួន ៦ ០៤៦ហិកតា ហើយស្ថានភាពលូតលាស់នៃដំណាំស្រូវ មានសភាពល្អប្រសើរមានទឹកគ្រប់គ្រាន់ ពុំមានជម្ងឺ និងសត្វល្អិត ឬកត្តាចង្រៃផ្សេងៗមកបំផ្លិតបំផ្លាញទេ ហើយកសិករភាគច្រើនកំពុងមមាញឹកបាចជីបំប៉នស្រូវ និងថែទាំសំអាតស្មៅស្រែរបស់ពួកគាត់។ 

បន្ទាប់មក លោកអភិបាលរងខេត្ត និងក្រុមការងារបានចុះពិនិត្យការចិញ្ចឹមមាន់យកពងភ្ញាស់ នៅផ្ទះកសិករឈ្មោះ ចាន់ សាមុត ជាកសិករគំរូរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅភូមិល្វា ឃុំពេជចង្វា ដែលមានមេមាន់ចំនួន ៣៧០ក្បាល ដោយក្នុងមួយខែគាត់រកចំណូលបានប្រហែលពី ១ ០០០ដុល្លា ទៅ ១ ៣០០ដុល្លា។

បន្ទាប់មកទៀត បានបន្តដំណើរទៅពិនិត្យមើលការចិញ្ចឹមទាយកពង របស់កសិករឈ្មោះ សេង សុវណ្ណ នៅភូមិស្វាយគយ ឃុំពន្លៃ ដែលចិញ្ចឹមទាចំនួន ២ ៥០០ក្បាល ដោយក្នុងមួយថ្ងៃ ទាពងបានចំនួន ២ ០០០គ្រាប់ និងក្នុងមួយគ្រាប់ លក់បានតម្លៃ ៤៥០រៀល ហើយគាត់លក់ពងទា ទៅផ្សារពន្លៃ និងផ្សារលើកំពង់ឆ្នាំង ៕