រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង ដោយគ្រោងចំណោយថវិកាប្រមាណ ១៦០លានដុល្លារអាមេរិក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង ដែល គម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ ១៦០លានដុល្លារអាម៉េរិក ហើយក្រុម ហ៊ុនបានពិនិត្យទីតាំងរួចរាល់ចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈឯកឧត្តម ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment របស់ប្រទេសចិន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ចំណតក្រោមដី ស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណត រថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។

លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជម្រាបជូនពីគោលបំណង វិនិយោគ លើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរ មករាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវ កសាងចំណតរថយន្ត ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញ លើទឹកប្រាក់វិនិយោគ១៦០លាន ដុល្លារអាម៉េរិក ដែល ក្រុមហ៊ុនបាន ពិនិត្យទីតាំងរួចចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែងនិងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។

ឯកឧត្ដមអភិបាលបានផ្តល់អនុសាសន៍ឱ្យ ក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេច ចិត្តវិនិយោគ គឺធ្វើឱ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយ បានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមតែមក បង្ហាញគម្រោងធំ និងទំនើបរបស់ខ្លួនប៉ុណ្ណោះ៕

ដោយ សួស សំរិត