ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តសៀមរាប​

​សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ក្នុងនាម​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​សៀមរាប បាន​សាទរ​ចំពោះ លោក កាំ​ង លាង ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ដែល​ទើប​ចូលកាន់​មុខតំណែង​ថ្មី ក្រោម​អធិបតីភាព លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ឯកឧត្តម ខូ​យ ឈី​ន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។​

​ក្នុងឱកាស​នោះ លោក​អភិបាលរង​ខេត្ត បានផ្ដល់​នូវ​អនុសាសន៍​មួយចំនួន ដល់​លោក ប្រធាន​សាខា ដើម្បី​ធ្វើការ​ពង្រឹង​អភិបាលកិច្ច នៃ​ការផ្តល់សេវា និង​គោលការណ៍​ណែនាំ​ថ្មីៗ ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ​រួមមាន​៖
-​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ជាពិសេស​ស្ថាប័ន​តុលាការ ដោយ​ឈរ លើ​មូលដ្ឋាន​ច្បាប់​។​
-​ត្រូវ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង ចេះ​សម្របសម្រួល​តាមដាន​ការងារ និង​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ ដើម្បី​ពួកគេ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព និង​មនសិកា​ការងារ​របស់ខ្លួន​។ -​ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​មនសិកា​ការងារ​ខ្ពស់ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​។​-​ត្រូវ​បន្ត​ជម្រុញ​ការបើក​ប្រអប់​តវ៉ា​គយ ឱ្យបាន​ទៀងទាត់ និង​ជាប់ ជាប្រចាំ​។​
-​ត្រូវ​បង្កើន​ការប្រមូល​ចំណូល​ពន្ធអាករ ជូន​រដ្ឋ​ឱ្យបាន​គ្រប់ និង​លើស​ផែនការ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​-​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​-​ត្រូវ​បន្ត​អនុវត្ត​នូវ​បទបញ្ជា​ទាំង ១០​ចំណុច របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​
-​ត្រូវ​បង្កើន​សកម្មភាព​ស្រាវជ្រាវ និង​ប​ង្រា្ក​ប​អំពើ​រត់ពន្ធ​ពិសេស​លើ​ទំនិញ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក និង​ទំនិញ ដែល​ត្រូវ​បិត​ត្រា​ពន្ធគយ​។​-​ត្រូវ​បន្ត​ពង្រឹង​ផ្នែក​រដ្ឋបាល​គយ គោលនយោបាយ​គយ ការងារ​បច្ចេកទេស និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុង​ប្រតិបត្តិការ​គយ​។​-​ត្រូវ​បន្ត​ពង្រឹង​ការផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​លិខិតបទដ្ឋាន​នានា​ជូន​ដល់​មន្ត្រី​គយ​និង​ភាគី​ពាក់ព័ន្ធ​។​
– ត្រូវ​អនុវត្តន៍​ឱ្យ​ម៉ឺងម៉ាត់​អភិក្រម​ទាំង​៥ ១.​ឆ្លុះកញ្ចក់ ២.​ងូតទឹក ៣.​ដុសក្អែល ៤.​ព្យាបាល និង​៥.​វះកាត់ របស់​សម្តេច នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​អភិបាលរង​ខេត្ត បន្ថែមថា​៖ ការប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តសៀមរាប នាពេលនេះ គឺជា​ការប្រគល់​ភារកិច្ច និង​ជាការ​ផ្តល់នូវ​ការទទួលខុសត្រូវ​មួយ​ថែមទៀត ដែល​តម្រូវឱ្យ​សាមីខ្លួន​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថភាព លទ្ធភាព ក្នុងនាម​សេនាធិការ​ឲ្យ​ក្រសួង ដោយ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ដើម្បី​ធ្វើឱ្យ​អង្គភាព​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​សំដៅ​ធានាបាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួលខុសត្រូវ​ចំពោះមុខ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ ទៀត​ទៅតាម​ការចាំបាច់ ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​