រយៈពេល​៥​ខែ ឆ្នាំ​២០២០ មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប រក​ថវិកា​ប្រចាំឆ្នាំ​ទ្រទ្រង់​មន្ទីរពេទ្យ​បានតែ ៣០​ភាគរយ​ប៉ុណ្ណោះ​

​សៀមរាប​៖ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា​ឆ្នាំ​២០២០​នេះ ការ​រៃអង្គាសប្រាក់​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប បាន​ប្រមាណ​តែ​៣០​ភាគរយ​ប៉ុណ្ណោះ នៃ​ថវិកា​សរុប ដែល​បាន​គ្រោងទុក​សម្រាប់​ប្រតិបត្តិការ​ប្រចាំឆ្នាំ​២០២០ របស់​មន្ទីរពេទ្យ នេះ​បើតាម​ការលើកឡើង​រប​ស់ អ្នកស្រី ស៊ិន​កេ​ត អរុណ ប្រធានការិយាល័យ​ទំនាក់​ទំ​ង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ក្នុងឱកាស​ទទួល​មូលនិធិ​ជាង​៤​ម៉ឺន​ដុល្លា ពី​ក្រុមហ៊ុន​រ៉ូ​យ​អ៊ី​ន​ហ្វី​នី​ធី​ខូ​លិ​ធី​ឌី នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​។​

​អ្នកស្រី​បន្តថា អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ថវិកា ដែល​ឧបត្ថម្ភ​ដោយ ម្ចាស់ជំនួយ​នៅក្រៅ​ស្រុក និង​ក្នុងស្រុក​មានការ​ថយចុះ​ជា​លំដាប់​។ អ្នកស្រី បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩​កន្លងមក ពោល​រយៈ​៥​ខែ​ដូចគ្នានេះ មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួល​ថវិកា​ពី​សប្បុរសជន​បាន​ប្រមាណ​៥០​ភាគរយ ដែល​ធ្វើអោយ​មន្ទីរពេទ្យ​ត្រូវ​កាត់បន្ថយ​ការចំណាយ​ថវិកា​ប្រចាំឆ្នាំ​ជាង​៦​លាន​៥​សែន​ដុល្លា​មក​ត្រឹម​ជាង​៥​លាន​៩​សែន​ដុល្លា​ក្នុង​មួយឆ្នាំ​វិញ​។ សម្រាប់​ឆ្នាំ​២០២០​នេះ កម្មវិធី​រៃអង្គាស​ថវិកា​ជាច្រើន​របស់​មន្ទី​ពេទ្យ​ត្រូវបាន​លុបចោល ដោយសារ​បំរាម​ជួបជុំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​ការឆ្លង​រិ​ក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ អ្នកជំងឺ​ជា​កុមារ​តូចៗ នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​គិត​កម្រៃ​សេវា​មួយ​នេះ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។​

​ប្រធានការិយាល័យ​ទំនាក់​ទំ​ង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា រូបនេះ មានការ​ព្រួយបារម្ភ ពី​កង្វះ​ថវិកា​នៅ​ឆ្នាំក្រោយ​ទៀត បើសិន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ដ​បន្លាយ​ជា​សកល​បន្ដទៀត ព្រោះ​ម្ចាស់ជំនួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ភាគច្រើន​ជា​សប្បុរសជន​នៅក្រៅ​ប្រទេស​។ បើតាម​តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ លើកឡើងថា បើទោះបី​បាត់បង់​ការ​រៃអង្គាសប្រាក់​ពី​កម្មវិធី​ផ្សេងៗ​ក្ដី​មានការ​អាក់ខាន ប៉ុន្តែ​ក្រុមការងារ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាននិងកំពុង​ស្វែងរក​ការ​រៃអង្គាស​នៅតាម​អន​ឡាញ​បន្ថែម ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​ក្នុង​ខេត្តសៀមរាប​មួយ​នេះ​។ ជាក់ស្ដែង ក្រុមហ៊ុន​រ៉ូ​យ​អ៊ី​ន​ហ្វី​នី​ធី​ខូ​លិ​ធី​ឌី បានរៀបចំ​កម្មវិធី​រៃអង្គាស តាមរយៈ​ការផ្សាយ​ផ្ទាល់ អំពាវនាវ​នៅលើ​បណ្ដា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក មេ​រ៉ូ​យ ឃ្វី​ន អោ​វ យូ​នី​វើ​ស (MaeRouy Queen of Universe) កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ប្រមូលយក​នូវ​ថវិកា មកជួយ​ទ្រទ្រង់​មន្ទីរពេទ្យ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។​

​សូមជម្រាបថា មន្ទីរពេទ្យ​កុមារ​អង្គរ​គឺជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ប្រកបដោយ​ក្តីមេត្តា​ករុណា អស់​រយៈពេល​ជាង​២០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៩ រហូតដល់​បច្ចុប្បន្ននេះ ដែល​ត្រូវ​ចំណាយ​ជាង​៦​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​