កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ទី២ និងលើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២០ របស់ក្រុមការងារ PWG-RWSSH

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ទី២ និងលើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត(PWG-RWSSH) នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនខេត្ត នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

នាកិច្ចប្រជុំនេះដែរមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ តំណាងនាយកដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រីប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរងក្រុង ស្រុកទាំង៨ លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីតំណាងអង្គការដៃគូនានា លោក លោកស្រីសមាជិកលេខាធិការដ្ឋានPWG-RWSSHថ្នាក់ខេត្ត។

កិច្ចប្រជុំនេះមានគោលបំណងផ្ដោតទៅលើ ការពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រីមាសទី១ &ទី២ ឆ្នាំ២០២០ និងទិសដៅបន្តដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធ ។ ការពង្រឹងសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងរវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។ ការពិភាក្សាអំពីផែនការបំរុងទុកឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩(COVID-19) ខេត្តស្វាយរៀង។ ការពិភាក្សាកំណត់យន្តការ និងធ្វើផែនការសកម្មភាពសម្រាប់កិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២០របស់ក្រុមការងារPWG-RWSSH និងការកំណត់ចំនួនភូមិ និងឃុំដែលត្រូវសម្រេចបានODF ក្នុងត្រីមាសទី៣ ឆ្នាំ២០២០៕