នារសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ បានលើកឡើងថា វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់សន្តិភាព និងអរគុណដល់សមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕ ដោយ៖ កន ចំណាន