ក្រុង​សៀមរាប គ្រោង​នឹង​អនុវត្ត​លើ​ផែនការមេ​ជួសជុល​កែលម្អ​ផ្លូវ​ជាច្រើន​ខ្សែ ក្នុងការ​ជម្រុញ​កិច្ចអភិវឌ្ឍន៍ !

​សៀមរាប​៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ចំនួន ៣៨​ខ្សែ សរុប​ប្រវែង​ជិត​១០០​គីឡូម៉ែត្រ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​សិក្សា​ក្នុង​គោលបំណង ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ទេសចរណ៍ និង​សោ​ភណ្ឌ​​ភាព!

​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​គណ​:​អភិបាលខេត្ត​សៀមរាប លើ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការសិក្សា​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​របស់​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត បាន​លើក​បង្ហាញ​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ននេះ ទោះបី​ស្ថិតក្នុង​ស្ថានភាព នៃ​វិបត្តិ​កូ​វីត​១៩ ក៏ប៉ុន្តែ​បណ្តាញ​ផ្លូវ​ចំនួន​១០​ខ្សែ ត្រូវបាន​ជួសជុល​និង​កែលម្អ​ឡើងវិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ដែល​បាន​សិក្សា​បន្ថែម​នេះ គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កែលម្អ​ស្ថានភាព​សេដ្ឋកិច្ច ទេសចរណ៍ និង​សោ​ភណ្ឌ​ភាព​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ពិនិត្យ និង​សិក្សា​ទៅលើ​គម្រោង​ខ្សែ​ផ្លូវ​មេ​ចំនួន ៣៨​ខ្សែ សរុប​ប្រវែង​ជិត​១០០​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​ពីរ​គន្លង​មាន​ប្រវែង​ប្រមាណ​ជាង ៤៤​គីឡូម៉ែត្រ និង​ផ្លូវ​បួន​គន្លង​មាន​ប្រវែង​ប្រមាណ​ជាង ៥៤​គីឡូម៉ែត្រ លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង​១២ របស់​ក្រុង និង​មួយផ្នែក​លាតសន្ធឹង​ទៅកាន់​ស្រុក​ប្រាសាទបាគង​។

​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ល្មម​ដល់ពេល​វេលា​ហើយ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ប៉ូល​ទេសចរណ៍​សំខាន់​ទី​២​ម​របស់​កម្ពុជា ត្រូវ​ជួសជុល​និង​កែលម្អ​ឡើងវិញ ឲ្យ​ដូច​ក្រុងព្រះសីហនុ​។ ជាមួយគ្នានេះ ខេត្តសៀមរាប​ក៏​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែរ​របស់​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​ខេត្តបាត់ដំបង -​សៀមរាប​។ រាជរដ្ឋាភិបាល កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ដែលជា​បណ្តុំ​បណ្ដាញ​ផ្លូវ​មេ ប្រទាក់ក្រឡា ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដឹកជញ្ជូន ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​