សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខដល់កម្មករ កម្មការនី រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខដល់កម្មករ កម្មការិនី ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែងអ្នកលឿង។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្ដាយជាមួយកម្មករកម្មការិនីរោងចក្រដែលទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានរងរបួស ធ្ងន់ ស្រាល និងបាត់បង់អាយុជីវិតដល់កម្មករកម្មការនីចំនួន ២ នាក់នោះផងដែ។

សូមបញ្ជាក់ផងដែរថា៖ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឲ្យរងគ្រោះចំនួន ៣៨ នាក់ ក្នុងនោះគឺបានស្លាប់ចំនួន ២ នាក់ និងរងរបួសធ្ងន់ចំនួន ៤ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ និងរងរបួសស្រាលចំនួន ៣២ នាក់ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿង។

នៅក្នុងចំណោមកម្មករកម្មការិនីដែលរងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣៨ នាក់ គឺមានចំនួនពីរស្រុកគឺនៅស្រុកព្រះស្ដេចមានចំនួន ២៣ នាក់ ស្លាប់ ២ នាក់ របូសធ្ងន់ ៣ នាក់ និងនៅស្រុកពាមរក៍ចំនួន ១៥ នាក់ របូសធ្ងន់ ១ នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចភូមិពោមៀវ (ចន្លោះគីឡូម៉ែត៤៨ និង៤៩) ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលរវាងរថយន្តដឹកកម្មករ និងរថយន្តបែន។

ចំពោះសម្ភារៈដែលផ្ដល់ជូននោះក្នុងម្នាក់ៗទទូលបានទឹកដោះគោឆៅ ២ យួរ ស្ករស ១គីឡូ អាវ៥ និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង