ព្រឹកនេះ សម្តេចតេជោ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ«ភាពស្អិតរមួត និងការឆ្លើយតប»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើក ទី ៣៦ ក្រោមមូលបទ«ភាពស្អិតរមួត និងការឆ្លើយតប»ដែល នឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយក ចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការដោះ ស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការ ស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩, វិធី និងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ ពិភពលោក។

ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ដូចខាងក្រោម៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

សូមបញ្ជាក់ផងដែរថា នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្ដីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សា សម្រប សម្រួល អាស៊ាន លើកទី២៦ តាមរយៈប្រព័ន្ធវីដេអូដែលនៅក្នុងឱកាសនោះ ឯកឧត្តម នឹងពិភាក្សាលើ ប្រធានបទសំខាន់ៗមួយចំនួន ជាពិសេស ការត្រៀម រៀបចំ កិច្ច ប្រជុំ កំពូល អាស៊ាន លើក ទី៣៦៕

ដោយ៖ កន ចំណាន