ស.ស.យ.ក.ខេត្តមណ្ឌលគិរី បាននាំយកថវិកា ១លាន៥៣ម៉ឺនរៀល ចូលរួមរំលែកទុក្ខគ្រួសារសព លោក ទួន ប៊ុនហឿន សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងសហការី បានចូលរួមជាមួយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រួមទាំង សមាជិក សមាជិកា និងមន្រ្តីរាជការក្រោមឱវាទ សម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុក បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ទួន ប៊ុនហឿន សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ណយ ច័ន្ទតារា បានចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំពីសំណាក់លោក ឈឹម កាន ជាប្រធាន ជូនចំពោះគ្រួសារនៃសព លោក បញ្ជាក់ថា ការបាត់បង់លោក ទួន ប៊ុនហឿន សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា គឺជាការបាត់បង់ថ្នាក់ដឹកនាំក្នុងស្រុកកែវសីមាមួយរូប ដែលកន្លងមកបានលះបង់ពេលវេលា កំលាំកាយ ប្រាជ្ញា ស្មារតី ដើម្បីជួយកិច្ចការសង្គម ជាពិសេស បានបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រៅពីបានចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសព ក្រុមការងារស.ស.យ.កស្រុកកែវសីមា បាននាំយកថវិកាចំនួន ១.៥៣០.០០០រៀល ផ្តល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងនៅក្នុងពិធីបុណ្យតាមប្រពៃណី៕