ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីនីតិវិធីនិងដំណើរការ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៩ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោកឈាង ចន្ទី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីនីតិវិធីនិងដំណើរការ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវី-១៩ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីសំណាក់អង្គការដៃគូ ក្រសួងពាក់ព័ន្ធ និងលោក លោកស្រីប្រធានមន្ទីរតាមបណ្តារាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុវត្តប្រកបដោយតម្លាភាព និងសុក្រឹតភាព នៃអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ៕