ផ្លូវ​ជិត​២​ពាន់​ខ្សែ ក្នុង​ក្រុង​សៀមរាប នឹងត្រូវ​កំណត់​ឲ្យ​មានឈ្មោះ និង​លេខ​ផ្លូវ​ច្បាស់លាស់ នាពេល​ឆាប់ៗ​ខាងមុខ !

​សៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ ពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​ពាក់ព័ន្ធ ដើម្បី​កំណត់​ឈ្មោះ និង​លេខ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ចំនួន​១,៨១៦​ខ្សែ ឲ្យ​ភាពជាក់លាក់ ខណ​:​បច្ចុប្បន្ន ផ្លូវ​ជាង ៥០​ខ្សែ​ត្រូវបាន​ដាក់ឈ្មោះ​រួចរាល់​ហើយ​។​

​ក្នុង​កិច្ចប្រជុំ​នោះ បាន​ឯកភាព​លើ​ការកំណត់​លេខ​ផ្លូវ ជា​៤​តំបន់ ក្នុងនោះ​ប្លុក “​ក​” មាន​ចំនួន ៥៧៥​ខ្សែ មាន​ប្រវែង​សរុប ១១៤,៦០០​ម៉ែត្រ ប្លុក “​ខ​” មាន ចំនួន ៣០៥​ខ្សែ មាន​ប្រវែង​សរុប ១៤៨,៩៩០​ម៉ែត្រ ប្លុក “​គ​” មាន​ចំនួន​៤៤០​ខ្សែ មាន​ប្រវែង​សរុប ១៣៤,៣៨០​ម៉ែត្រ និង ប្លុក “​ឃ​” មាន​ចំនួន​៤៩៦​ខ្សែ មាន​ប្រវែង​សរុប ១១៥,៦៣០​ម៉ែត្រ ។ ដោយឡែក ផ្លូវ​មួយចំនួន នឹងត្រូវ​ធ្វើការ​កែសម្រួល​កែសម្រួល​ឈ្មោះ ដោយ​ត្រូវដាក់​ជា​ឈ្មោះ​វីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះ​ពី​ប្រវត្តិសាស្ត្រ ឬ​ជា​ឈ្មោះ​តាម​ភូមិសាស្ត្រ​ធម្មជាតិ វប្បធម៌ និង​ឈ្មោះ​ពី​បុរាណ ទៅតាម​ទម្លាប់​មួយចំនួន និង​ចុងក្រោយ ដាក់​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ ក៏ត្រូវ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ផ្លូវថ្នល់ គម្រោង​ប្លង់ និង​កំណត់​គម្រោង សាងសង់ ស្តារឡើងវិញ សម្រាប់​កែលម្អ ពង្រីក និង​ថែទាំ​ផ្លូវថ្នល់ ព្រមទាំង​សកម្មភាព​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង ដើម្បី​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​រាជរដ្ឋាភិបាល​ផងដែរ​៕
​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​