អភិបាលខេត្តកំពត ជំរុញឲ្យពន្លឿនការងារ ចុះបញ្ជីដីធ្លីដើម្បីចេញបណ្ណកម្មសិទ្ធ ជូនពលរដ្ឋឲ្យបានឆាប់រហ័ស

(កំពត)៖​ ដើម្បីអាចប្រើប្រាស់ និងទាញយកប្រយោជន៍ពីដីធ្លីឲ្យអស់សកត្តានុពល ជាពិសេសកាត់បន្ថយបញ្ហាវិវាទដីធ្លីផងនោះ អភិបាលខេត្តកំពតបានជំរុញមន្ត្រីជំនាញ ឲ្យពន្លឿនការងារវាស់វែង និងនិតិវិធីចុះបញ្ជី ដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។

ថ្លែងនៅក្នុងពិធីចែកបណ្ណកម្មសិទ្ធិចំនួន១៣៧២បណ្ណ ជូនដល់ប្រជាពលរដ្ឋ៧០០គ្រួសារ មកពី២៣ភូមិ ក្នុងឃុំចំនួន៥ របស់ស្រុកដងទង់ ក្នុងបរិវេណសាលាស្រុកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ និងស្រឡាញ់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ដីធ្លី ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចុះវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ហើយពុំទាន់មានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមបានបន្តថា ប័ណ្ណកម្មសិទ្ធិដីធ្លី ពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី គឺធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំចំពោះមុខច្បាប់ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើង។ សន្លឹកបណ្ណនេះ ក៏អាចដាក់ធានានៅធនាគារ ដើម្បីយកថវិកាមកពង្រីកមុខរបរ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង និងនាំឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ មន្ទីរសម្រេចលទ្ធផលបាន៖ ប្រកាសតំបន់វិនិច្ឆ័យ ៣៤៧ភូមិ ក្នុង៦៧ឃុំ, ប្រមូលទិន្ន័យបានជាង៥២ម៉ឺនក្បាល់ដី , គូសក្បាលដីក្នុងកុំព្យូទ័របានជាង៥០ម៉ឺនក្បាលដី , បិទផ្សាយទិន្ន័យជាសាធារណៈបានជាង៤៧ម៉ឺនក្បាលដី និងចែកបណ្ណកម្មសិទ្ធិបាន ៤៦ម៉ឺនក្បាលដី ។

តាមការប៉ាន់ស្មានខេត្តកំពត នៅសល់ផ្ទៃដីប្រមាណ៣០ភាគរយទៀត ដែលនៅមិនទាន់បានវាស់វែងនៅឡើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្តបានជំរុញ ឲ្យមន្ត្រីជំនាញ និងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាអនុវត្តការងារចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីប្រគល់បណ្ណជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី ឲ្យមានភាពក្ដីកក់ក្ដៅក្នុងចិត្ត ព្រមទាំងអាចទាញយកប្រយោជន៍ពីដីធ្លីរបស់ខ្លួនឲ្យអស់សកត្តានុពល។

ក្រោយពីបញ្ចប់ពិធីចែកបណ្ណកម្មសិទ្ធិ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តដំណើរចុះពិនិត្យស្ថានភាព និងវាយតម្លៃស្ពានឈើទ្រុឌទ្រោមមួយកន្លែង នៅភូមិខ្ជាយខាងកើត ឃុំទទុង ស្រុកដងទង់ ដើម្បីសាងសង់ថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត