សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ បន្តយកចិត្តទុកដាក់ ថែរក្សាការពារសុខភាព កុំអោយឆ្លងរោគកូវីដ-១៩

APP ភ្នំពេញ ថ្ងសទិ២៤ ខេមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នា២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសួរសុខទុក្ខ និងអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស បន្តយកចិត្តទុកដាក់ ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។

សម្តេចតេជោ បានរំលេចថា ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។

ជាមួយនឹងវិធានការការពារកុំឲ្យមានការឆ្លងរីករាលដាលបន្ថែម សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំ ដល់ទីកន្លែង ដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។

ចំពោះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីវិបត្តិកូវី១៩ នៅលើពិភពលោក សម្តេចតេជោ បានលើកឡើងថា » យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ នៅថ្ងៃពុធទី ២៤ មិថុនា ថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់“កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”» ។

សម្តេច ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕

ដោយ៖ កន ចំណាន