ស្ថានទូត​ឥណ្ឌា ប្រារព្ធ​ទិវា​លំ​ហាត់ប្រាណ​យូ​ហ្កា​អន្តរជាតិ លើក​ទី​៦ ឆ្នាំ​២០២០ នៅ​តំបន់​បេ​តិក​ភ័​ណ្ឌ​អង្គរ !

​សៀមរាប​៖ ស្ថានទូត​ឥណ្ឌា​បង្ហាញថា ក្នុងស្ថានភាព​ប​ច្ចប្ប​ន្ន នៅ​កម្ពុជា​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ជាមួយ​ទិវា​យោ​ហ្គា​អន្តរជាតិ លើក​ទី​៦ ឆ្នាំ​២០២០ ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ បើទោះជា​ស្ថិតក្នុង​ទម្រង់​នៃ​ការបង្ហាញ​ជា​និមិត្តរូប​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា មានឱកាស​ត្រឹមតែ​ការលើកទឹកចិត្ត​ឲ្យ​ធ្វើ​យោ​ហ្គា​តាម​ផ្ទះ ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ។​

​លោកជំទាវ ម៉ា​នី​កា​-​ជេន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍​នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅមុខ​ខ្លោងទ្វារ​ប្រាសាទតាព្រហ្ម​នៃ​តំបន់​អង្គរ​ខេត្តសៀមរាប ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នៃ​ទិវា​លំ​ហាត់ប្រាណ​យោ​ហ្គា​អន្តរជាតិ លើក​ទី​៦ ( ២១ មិថុនា ២០១៥- ២១ មិថុនា ២០២០) ដោយ​បង្ហាញថា​៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ដ៏​ឈ្លាសវៃ កម្ពុជា​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​ត្រូវបាន​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ទាន់ពេលវេលា​ទៅ​បញ្ហា​វិបត្តិ​កូ​វីត​-១៩ ហើយ​ក្រសួងសុខាភិបាល ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស​នេះ មិន​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដែល​ក្នុងនោះ​គឺ​ការចូលរួម​អនុវត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ជាសំខាន់​។​

​លោកជំទាវ​រំលឹកថា​៖ រយ​:​ពេល​៥​ឆ្នាំ​កន្លងមកនេះ យើង​បាន​អបអរសាទរ​ទិវា​យូ​ហ្គា​អន្តរជាតិ ក្រោម​ការអបអរសាទ​រ និង​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​និស្សិត​វ័យក្មេង​នៅតាម​ទីក្រុង​ផ្សេងៗ​គ្នា​នៃ​ប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នោះ មិនអាច​ធ្វើទៅ​បានទេ បើ​គ្មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ឆ្នាំ​២០២០​នេះ ទិវា​យោ​ហ្គា​អន្តរជាតិ ពុំបាន​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​ដែលមាន​ទ្រង់ទ្រាយ​ធំ​នោះទេ ដោយសារតែ​វិបត្តិ​កូ​វីត​-១៩ កំពុង​រីក​រាលដាល​ពេញ​ពិភពលោក​នៅឡើយ​។ យ៉ាងណាក៏ដោយ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា មាន​មោទនភាព​ខ្លាំងណាស់ ដែល​ព្រឹត្តិការណ៍​យោ​ហ្គា​អន្តរជាតិ​លើក​ទី​៦ បាន​ធ្វើឡើង​នៅក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ​អង្គរ នៃ​ប្រទេស​កម្ពុជា ខណពេលដែល​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅលើ​ពិភពលោក ត្រូវ​បានទទួល​ការលើកទឹកចិត្ត ឲ្យ​ប្រជាជន​ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា នៅតាម​គេហដ្ឋាន​ជា​លក្ខណៈ​គ្រួសារ ក្រោម​ពាក្យស្លោក​“ យូ​ហ្គា​ជីវិត​ខ្ញុំ​” តែប៉ុណ្ណោះ​។​

​តាមរយៈ​លោកជំទាវ​អគ្គរដ្ឋទូត​ផងដែរ សារ​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្នុងឱកាស​នៃ​ទិវា​យោ​ហ្គា​អន្តរជាតិ​លើក​ទី​៦ ឆ្នាំ​២០២០ បង្ហាញថា​៖ វីរុស Covid-19 វា​វាយប្រហារ​ជាពិសេស​ទៅលើ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ បច្ចេកទេស​មួយ ដែល​អាចជួយ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ផ្លូវដង្ហើម គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ដកដង្ហើម (Pranayama)​។ នៅក្នុង​សតវត្ស​នេះ យោ​ហ្គា គឺ​ភ្ជាប់​នឹង​រូប​កាយ ចិត្ត​ប្រាជ្ញា និង វិញ្ញាណ ហើយ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា គឺ​មិនមែន​ដើម្បី​តែ​ផ្នែក​មួយ​នៃ​ទិវា​យោ​ហ្គា​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការបង្កើត​ស្មារតី​ជាទូទៅ នៃ​អ្នកអនុវត្ត​លំ​ហាត់ប្រាណ​យោ​ហ្គា និង​កំពុង​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ចលនា​របស់​យោ​ហ្គា​នេះ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប