លើកស្ទួយ​ព្រះពុទ្ធសាសនា​! ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ នាំយក​ទៀន​ព្រះវស្សា ទេយ្យទាន និង​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​ចំនួន​៤​វត្ត ក្នុងស្រុក​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​វត្ត​ក្បាល​បឹង​សេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និង​លោកជំទាវ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​នាំយក​ទៀន​ព្រះវស្សា ទេយ្យទាន និង​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៤​វត្ត រួមមាន​៖ វត្ត​ក្បាល​បឹង​សេះ វត្ត​កណ្ដាល វត្ត​ក្បាល​អូរ និង​វត្ត​ទួល​វិហារ​មានជ័យ ស្ថិតនៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ប្រទេសជាតិ​យើង​សព្វថ្ងៃនេះ កំពុង​តែមាន​រីកចម្រើន​ជា​លំដាប់ កំពុង​កសាង​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ពុទ្ធចក្រ ក៏​ដោយសារតែ​ប្រទេស​មាន​សុខសន្ដិភាព ដែល​បានមកពី​ក្រោម​ការដឹក​នាំ​ដ៍​ត្រឹមត្រូវ និង​រឹងមាំ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ឲ្យ​ដឹងថា ការចូល​ព្រះវស្សា គឺជា​ព្រះ​វិន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បីឱ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់​ព្រះអង្គ​ប្រតិបត្តិ​តាម ដែលមាន​រយៈពេល​៣​ខែ គឺ​ចាប់​ថ្ងៃ​១​រោច ខែ​អាសាធ ដល់ទី​១៥ កើត ខែអស្សុជ​។ បុណ្យ​ចូល​ព្រះវស្សា គឺជា​ពិធីបុណ្យ​មួយ ដែលមាន​សារៈសំខាន់ ក្នុង​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៍​បានធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វីដ​១៩ ដោយ​បង្កើន​ការធ្វើ​អនាម័យ ដើម្បី​សុខភាព​រស់នៅ​ឱ្យបាន​ល្អ ជាពិសេស​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា និង​ត្រូវ​ដុសលាង​សម្អាត​ដៃ ឱ្យបាន​ស្អាត​ជាប្រចាំ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ ត្រូវ​រក្សា​គម្លាត​ពីគ្នា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​រលក​ទី​២ មេរោគ​កូ​វីដ​១៩ នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា​៖ ចំពោះ​ទេយ្យទាន​សម្រាប់​ប្រគេន​ព្រះសង្ឃ ក្នុង​មួយអង្គ​ទទួលបាន ទៀនវស្សា​១​គូរ​, អង្ករ​១០០​គីឡូក្រាម​, មី​២​កេះ​, ត្រី​២​យួរ​, ទឹកត្រី​២​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន​២​យួរ​, ទឹកក្រូច​១​កេស​, ទឹកដោះគោ​១០​កំប៉ុង​, ទឹក​សុទ្ធ​ច​១​កេស​, តែ​១០​កញ្ចប់​, ស្ករស​១០​គីឡូក្រាម​, សាដក់​១១​កញ្ចប់ ទាំង​៤​វត្ត ក្នុងនោះ​ព្រះចៅអធិការ​៤​អង្គ ក្នុង​១​អង្គ​១០​ម៉ឺន​រៀល​, ព្រះសង្ឃ​៧​អង្គ ក្នុង​មួយអង្គ ៥​មុ​ឺ​ន​រៀល​។ ព្រមទាំង​ប្រគេន​បច្ច័យ​កសាង​វត្ត​ក្បាល​បឹង​សេះ​ចំនួន​២.៥០០.០០០​រៀល និង​វត្ត​៣​ទៀត ក្នុង​១​វត្ត​ទទួលបាន​បច្ច័យ​កសាង​ចំនួន​១.៥០០.០០០​រៀល​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​