ព្រឹកស្អែកនេះ TV APP និង FACEBOOK PAGE ក្រសួងព័ត៌មាន ធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ TV APP និង FACEBOOK PAGE ក្រសួងព័ត៌មាន  នឹងធ្វើការផ្សាយបន្តផ្ទាល់ ពិធីប្រកាសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា យោងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងកំលុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២ ម៉ឺនរៀល។ កម្រិតសាច់ប្រាក់ដែលត្រូវ ឧបត្ថម្ភនេះធ្វើឡើងតាមប្រភេទជនក្រីក្រ ក្នុង កម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ ដោយ៖ កន ចំណាន