តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាខេត្ត ចែកអំណោយជូនពលរដ្ឋ០៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់

(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត រួមដំណើរដោយគណៈចលនាគ្រួបង្រៀនខ្មែរឥស្លាមខេត្ត និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដោយផ្ទាល់ដល់លំនៅដ្ឋានពលរដ្ឋរងគ្រោះទាំង០៨គ្រួសារ ដោយខ្យល់កន្ត្រាក់បានបោកបក់បណ្តាលអោយខូចខាតផ្ទះចំនួន០៨ខ្នងកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០កន្លងទៅស្ថិតនៅក្នុងភូមិសុខសាន្ត (ទួលខែល)ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតបនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពដល់ពួកគាត់។

ក្នុងឳកាសសំណេះសំណាល ឯកឧត្តម ម៉ូត យូសុះ បានសម្តែងនូវការសោកស្តាយជាមួយបងប្អូនដែលរងគ្រោះទាំង០៨គ្រួសារដោយក្តីអាណិតអាសូរ និងផ្តាំផ្ញើដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម។

ចំពោះអំណោយនាំយកទៅចែកជូបពលរដ្ឋរងគ្រោះទាំង០៨គ្រួសារក្នុងមួយគ្រួសារទទួលបានជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ២៥គីឡូក្រាម,ប្រេងឆា១ដប,ទឹកត្រី១យួរ ,មី១កេស និងបានផ្តល់ថវិការមួយចំនួន ដល់យុវជន ស.ស.យ.ក និងយុវជនCMYA ជាថវិការផ្ទាល់របស់ឯកឧត្តម ម៉ូត យូសុះ ឯកឧត្តម សុះ រ៉ហ្វាត ឯកឧត្តម ម៉ាត់ ហ្គោហ្វូត រួមនិងក្រុមគណៈចលនាឥស្លាមខេត្តត្បូងឃ្មុំ៕