លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ ក្នុងខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ ក្នុងខេត្តព្រៃវែងដែលពិធីនេះធ្វើនៅក្នុងសាលាខេត្តព្រៃវែង។

ចំពោះទេយ្យវត្ថុដែលប្រគេនចំពោះព្រះសង្ឃទាំង ៣៩ វត្តនោះ រួមមានទៀនចំណាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, លាង ១, អង្ករ ៥០ គីឡូ ,បាឡុង ១ ,ទឹកដោះគោ ១ កេសធំ ,ទឹកសុទ្ធ ២ កេស ,ទឹកផ្លែឈើ ២ កេស, ផ្លែឈើមួយកន្ត្រក , ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, អំពិល, ស្ករស, រួមទាំងបច្ច័យមួយចំនួនទៀតផងដែរ។

ចំពោះទេយ្យទានទាំងអស់នេះ ប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់កាលត្រីមាស រយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។

ចំពោះពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងបរិក្ខាទាំងអស់នេះដើម្បីឧទ្ទិសបុណ្យកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍ នោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមវត្តអារាមានានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង