រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ដឹកនាំ​គណ​:​ប្រតិភូ​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្រុក​សូត្រ​និគម ខេត្តសៀមរាប​

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០២០​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួងទេសចរណ៍ គណ​:​ប្រតិភូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ទីរ​ពាក់ព័ន្ធ និង អាជ្ញាធរ​ក្នុង​មូលដ្ឋាន អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។​

តាម​របាយការណ៍​សង្ខេប​របស់លោក ឌឿ​ម ឌន់ ប្រធាន​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ បានអោយដឹងថា ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​បានដឹងថា​ដើម​កោង​កាង​មាន​ដុះ​តែ​នៅតាម​តំបន់​មាត់សមុទ្រ​តែប៉ុណ្ណោះ ដោយ​ភាគច្រើន​មិនបាន​ដឹងថា ពពួក​រុក្ខជាតិ​ទាំងនេះ​ក៏មាន​ដុះ​ផងដែរ នៅក្នុង​ខេត្តសៀមរាប ខណ​:​ទឹកដី​ដ៏​អច្ឆរិយ​:​របស់​កម្ពុ​ជាមួយនេះ គ្មាន​ទឹកប្រៃ​ដូច​នៅ​តំបន់ឆ្នេរ​សមុទ្រ​សូម្បីតែ​បន្តិច​។​

​ស្ថិតក្នុង​សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ ឃុំ​ខ្នារ​ពោធិ៍ ភាគ​ខាងជើង​នៃ​ស្រុក​សូទ្រនិគម ដើម​កោង​កាង​សំបក​ក្រហម​ទាំងនេះ​បាន​ដុះ​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៩០ ហិកតា លើ​ផ្ទៃដី​ចំនួន ១,០២២​ហិកតា​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​អភិរក្ស​ព្រៃឈើ​ទាំងមូល​វិញ ។ ស្ថានភាព​ដី​ទីនោះ ដែល​ត្រូវបាន​អ្នកស្រុក​ចាត់ទុកជា​តំបន់​រង​ខ្សែទឹក​ក្រោម​ដី ហូរ​ធ្លាក់​ពី​តំបន់ភ្នំ​គូលែន​បរម​ប​ព៌​ត​ដ៏​ពិសិដ្ឋ​របស់​អាណាចក្រ​ខ្មែរ​។​

​ដើម្បី​ដើរ​ទស្សនា​ទេសភាព​នៅតាម​តំបន់​ព្រៃកោងកាង​នេះ​បាន កន្លងមក​ប្រជា​សហគមន៍ និង​មានការ​ចូលរួម​ពី​បណ្តា​មជ្ឈដ្ឋាន​ផ្សេងៗ ដែលជា​អ្នក​ស្រលាញ់​អភិរក្ស​ធនធានធម្មជាតិ​នៅ​ទីនោះ បានរួម​សាមគ្គី​គ្នា​ធ្វើ​ស្ពានឈើ​ជាច្រើន​ម៉ែត្រ សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​អាច​ដើរ​ទស្សនា​បាន​យ៉ាង​ងាយស្រួល និង​សព្វ​ទីកន្លែង​នានា​ជុំវិញ​តំបន់​ព្រៃកោងកាង​នេះ​។ នៅ​សងខាង​ស្ពាន ដើម​កោង​កាង​ដុះ​លូតលាស់​ស្កេ​ក​ស្កះ ឫស​ចាក់​ច្រូង ច្រាង​ប្រជ្រៀត​គ្នា​យ៉ាង​ស្រស់បំព្រង ។​
​លោក​បន្តថា អ្វី​ដែលជា​ភាព​ខុសប្លែកគ្នា​ទៅនឹង​ដើម​កោង​កាង​ទឹកប្រៃ​នោះ គឺ​ត្រង់​ថា​ដើម​កោង​កាង​នៅ​ខេត្តសៀមរាប​នេះ​មាន​កម្ពស់​ចាប់ពី ៨-១០​ម៉ែត្រ គឺ​ខ្ពស់ជាង​ដើម​កោង​កាង​នៅ​មាត់សមុទ្រ រីឯ​ស្លឹក​វិញ​ក៏​រាង​ត្រ​វែង​ជាង​ដើម​កោង​កាង​នៅ​សមុទ្រ​ដែរ ចំណែក​ឫស​របស់​វា​នោះ​ទៀតសោត ក៏​ឃើញ​ដុះ​ចេញពី​តួ​ដើម​ខ្ពស់ជាង វែង​ជាង និង​ច្រើនជាង​ផងដែរ​។

​លោក ឌឿ​ម ឌុន បាន​បន្ត​អោយដឹងទៀតថា សហគមន៍​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ ស្ថិតក្រោម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​សមាជិក​សហគម​ន៍​មាន​ចំនួន ១,០០០​គ្រួសារ ហើយ​បាន​បញ្ចូល​សេវាកម្ម​ទេសចរណ៍​នៅ​ដើមឆ្នាំ​២០២០ ថ្មីៗ​នេះ ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក៏ដូចជា​ការបង្ហាត់បង្ហាញ​ពី​ការរៀបចំ ការផ្ដល់​សេវាកម្ម​ទេស​ចរណ៍​ជូន​ភ្ញៀវ​ផងដែរ ខណៈ​បច្ចុប្បន្ន​សហគមន៍​បាន​នឹង​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​នេះ​ដូចជា រៀបចំ​ជា​ស្ពាន​ដើរ​ទស្សនា តូប​សម្រាប់​អង្គុយ​សម្រាក​កម្សាន្ត ជីក​ស្រះ​ច​ញ្ចឹ​ម​ត្រី កន្លែង​អាហារ​ដ្ឋា​ន និង​តូប​លក់​កសិផល អនុផល​ព្រៃឈើ​ជាដើម​ផងដែរ​។​
​លោក​បាន​អះអាងថា​ក្នុងព្រៃ​សហគមន៍​បច្ចុប្បន្ន ក៏​សម្បូរ​សត្វព្រៃ​ដូចជា​: ជ្រូកព្រៃ​, ឈ្នូ​ស​, ក្ដាន់​ញែ​ង​, ស្វា​, ទោច មាន់ព្រៃ​, អូត​, ទីទុយ​, ក្លែងស្រាក​, ពស់ និង​ប្រភេទ​សត្វចតុបាទ ល្មូ​ន និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត ។ ខណៈ​សត្វ​ទាំងនេះ​ត្រូវបាន​ការពារ​ដោយ​ប្រជា​សហគមន៍ រួមទាំង​ការកាប់បំផ្លាញ​ព្រៃឈើ​ទៀតផង ។​
​ឆ្លៀត​ក្នុង​ឪ​កាស​នេះ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍​ចាប់អារម្មណ៍​ថា ជា​ផលិតផល​ថ្មី​មួយទៀត​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​នៅក្នុង​ខេត្តសៀមរាប​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​របស់​បងប្អូន​ប្រជា​សហគមន៍ និង​លើកទឹកចិត្ត​អោយមាន​ការខិតខំ​បន្ត​ការអភិវឌ្ឍន៍ និង ការពារ​ធនធានធម្មជាតិ​បន្ថែមទៀត​ប្រកបដោយ​ចិ​រ​ភាព​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។ ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជួយឧបត្ថម្ភ​សំរួល​ដល់​ការជួសជុល​ផ្លូវ​ចូលក្នុង​សហគមន៍​អោយបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​