ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអំពាវនាវ សូមកុំឱ្យមានការលុបបឹងតទៅទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ សូមកុំ ឱ្យមានការលុបបឹងតទៅទៀត។

ថ្លែងក្នុងវេទិកាតុមូលពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើង វិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានរម្លឹកថា កាលពី ឆ្នាំ១៩៨២ និងឆ្នាំ១៩៨៣ ខាងជលផលកម្ពុជា បានបាញ់ឈ្មួញវៀតណាម ដែលដឹកត្រី ទៅប្រទេសរបស់គេ តែបច្ចុប្បន្នមិនចាំបាច់បាញ់ឡើយ ឱ្យតែមានលុយយកឱ្យគេ គឺ គេ ដឹកឱ្យដល់កន្លែង។ ឯកឧត្ដមបានបញ្ជាក់ថាយើងមើល ប្រទេសកូរ៉េមានផ្ទៃដីតូចជាងខ្មែរមានប្រជាជនដល់ទៅ៥២លាននាក់ គេមិនទាន់មានលុបបឹងទេ ខ្ញុំជិះកាត់បឹងកប់ស្រូវ មក ឃើញតែចាក់ដីតើយើងអាចទុកបឹងសម្រាប់កែច្នៃវិស័យទេសចរណ៍បានដែរឬទេ

ឯកឧត្ដមបានបន្ដថា ការលើកឡើងរបស់ឯកឧត្ដមនាពេលនេះ គឺដឹងថា មានការ ប៉ះ ដល់បុគ្គលមួយចំនួនប៉ុន្តែត្រូវតែទទួលការឈឺចាប់ ប្រសិន បើមិនទទួលយកទេ នៅតែបន្ត លុបបឹងតទៅទៀតនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង នឹងធ្វើឱ្យមានការប៉ះពាល់ដូចជា លិច ទីក្រុងភ្នំពេញដោយហេតុអត់មានកន្លែងហូរចេញ។ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ ធ្ងន់ថា ត្រូវតែមានការកែសង្គមកម្ពុជា ព្រោះប្រទេសកម្ពុជា ជាប្រទេសរបស់ ប្រជាពលរដ្ឋ ខ្មែរទាំងអស់គ្នាមិនមែនរបស់អ្នកណាម្នាក់ ហើយសម្តេចតេជោ ហ៊ុន សែន ក៏មិនអាចធ្វើ ការ ងារតែឯងដោយគ្មានចូលរួមពីពលរដ្ឋម្នាក់ៗនោះទេ។

ឯកឧត្ដមបណ្ឌិតបានថ្លែងថា កម្ពុជា នាំចូលបន្លែពីប្រទេសវៀតណាម ក្នុងមួយ ថ្ងៃចំនួន ៥០០តោន។ឯកឧត្ដមបណ្ឌិតបានថ្លែងបញ្ជាក់ថាយើងដឹងថា យើងនាំបន្លែគ្រាន់ តែវៀតណាម មួយថ្ងៃ៥០០តោន ថៃមានច្រកច្រើនណាស់ ដែលនាំចូលមក អីច្ចឹងយើងអត់ បន្ទោសគេទេ យើងត្រូវមើលថាបន្លែអីចូលមកចុះបើសិនយើងដាំដោយខ្លួនឯងវិញ។ ឧទាហរណ៍ថា ត្រូវការ១ពាន់តោន សព្វថ្ងៃគ្រាន់តែច្រកបីហ្នឹង យើងចំណាយ អស់ទៅ កន្លះលានដុល្លារក្នុងមួយថ្ងៃ

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានអំពាវនាវ សូមកុំឱ្យមានការកាប់ ទន្រ្ទាន ព្រៃយកដីរដ្ឋដើម្បីយកមកធ្វើអាជីវកម្ម របស់ខ្លួនតទៅទៀតផងដែរ៕

ដោយ ប៊ុនរិទ្ធ