កុមារដែលមានជីវៈភាពខ្វះខាតចំនួន ៥៤នាក់ ទទួលបានអាហារូបករណ៍ ពីអង្គការមូនិធិនៃក្តីសង្ឃឹម

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ អង្គការមូលនិធិនៃសេចក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ដើម្បីជម្រុញឲ្យកុមារបានបន្តការសិក្សា ដែលមានចំនួន ៥៤ នាក់ នៅក្នុងឃុំចំនួន ៥ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក លឹម ឈាងឡេង អនុប្រធានរាជរដ្ឋាភិបាលចុះជួយឃុំដំរីពួន ដែលធ្វើនៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លៃនៅក្នុងឱកាសនោះផងដែរលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។ ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ គឺជួយរយៈពេល ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងផ្ដល់ជាអាហារមានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ ខែម្ដងនោះផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ។

លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹម នេះសូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ។ លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង