មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជួប​សំណេះសំណាល ជាមួយ​ពលរដ្ឋ​ចំណាកស្រុក ដើម្បី​ឆ្លើយតប​វិបត្តិ​ជំងឺ​កូ​វីដ​- ១៩​ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស នៅ​កម្ពុជា !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំណាកស្រុក ចំនួន​១០០​នាក់ នៅ​វិទ្យាល័យ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប ពិធី​នេះ​មានការ​អញ្ជើញ​អមដំណើរ ដោយ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត លោកស្រី ម៉ន​នី រង្សី អភិបាល នៃ​គណ​:​អភិបាលស្រុក​ក្រឡាញ់​, លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលរង​ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ក្រោម​ឱវាទ និង​តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ។

​ក្នុងឱកាស​សំណេះសំណាល​សួរសុខទុក្ខ​នោះ ក៏មាន​ការចែក​អំណោយ របស់​អង្គការ IOM និង​អង្គការ UNFPA ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ទើបបាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ និង​ស្នាក់នៅ​ធ្វើ​ដាក់​ដោយឡែក​រយ​:​ពេល ១៤​ថ្ងៃ នៅ​វិទ្យាល័យ​ក្រឡាញ់​ផងដែរ ។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ បង្ហាញថា បច្ចុប្បន្ននេះ ពិភពលោក នៅតែ​ប្រឈម​និង​មេរោគ​កូ​វិដ​-១៩ ហើយ​នៅ​រាល់​ការធ្វើដំណើរ​ឆ្លងដែន គឺ​ត្រូវបាន​ហាមឃាត់​ដោយ​ប្រទេស​កំពុង​អនុវត្ត​បទបញ្ជា​បិទ​ច្រក​ព្រំ​ដែរ ។ ក្នុង​រយៈពេល​ជាង ៣​ខែ​កន្លងមក​មាន​ប្រជា​ពលករ​រាប់​មុ​ឺ​ន​នាក់​បាន​វិលត្រឡប់​មកពី​ប្រទេសជិតខាង ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។​លោកជំទាវ​បាន​បន្តថា ក្នុងដំណាក់កាល​មេរោគ​កូ​វិដ​-១៩​នេះ យើង​ពិនិត្យឃើញថា មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតែមាន​បំណង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​តាមរយ​:​ការចាញ់បោក​មេខ្យល់​។ លោកជំទាវ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​បំណង់​ឆ្លងដែន​ដោយ​ខុសច្បាប់​គួរ​ប​ឈ្ឈ​ប់​ជាបន្ទាន់ ព្រោះ​ការ​លួច​ឆ្លងដែន​បច្ចុប្បន្ននេះ គឺ​បានធ្វើឱ្យ​បងប្អូន​ប្រឈម និង​បញ្ហា​ជាច្រើន ដូចជា ងាយ​ឆ្លង​មេរោគ​កូ​វិដ​១៩ ចាញ់បោក​មេខ្យល់​ខាតបង់​ពេលវេលា និង​ប្រាក់កាស ហើយ​ពេល​ឆ្លង​ចូល​ប្រទេស​គេ​ដោយ​ខុសច្បាប់ ក្នុងករណី​ចាប់បាន​ត្រូវ​រង​ទណ្ឌកម្ម​ជាប់គុក និង​ធ្វើបាប​គ្រប់សព្វ​បែប យ៉ាង​។​

​លោកជំទាវ បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​មិន​ហាមឃាត់​ប្រជាពលរដ្ឋ​ឱ្យទៅ​ធ្វើការ​ក្រៅប្រទេស​នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋ​ក្នុងប្រទេស​ទាំងអស់ គួរ​រង់ចាំ​ឱ្យ​ស្ថានភាព​កូ​វីដ​បញ្ចប់​សិន ។ ការចេញ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នោះ​តាមរយ​:​ក្រសួង​ការងារ ឬ​ក្រុមហ៊ុន​ស្រប​ច្បប់​ទើប​មាន​សុវត្ថិភាព​។ ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ត្រូវ​ផ្អាក​ធ្វើ​ចំណាកស្រុក​សិន ហើយ​គួរ​ងាក​មក​ធ្វើ​ការងារ​នៅក្នុង​ស្រុក​សិន ដូចជា​ការដាំ​ដំណាំ​រួមផ្សំ ធ្វើស្រែ និង​ការងារ​ផ្សេងៗ​ជាច្រើន​ដែល​ប្រទេស​យើង​មាន ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃនោះ​ប្រសើរ​ដែរ​។​
តាមរយ​:​សេចក្ដីរាយការណ៍​រប​ស់ លោកស្រី​អភិបាលស្រុក​ក្រឡាញ់ ចាប់តាំងពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្រុក​ក្រឡាញ់​មាន ប្រជាពលរដ្ឋ​បានធ្វើ​ច​ត្តា​ឡី​ស័ក​ន​ចំនូ​ន​៦៥៤​នាក់ ស្រី ២៩៤​នាក់​។ ជាមួយ​នោះ អ្នក​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​មកដល់​ថ្ងៃនេះ​មាន​ចំនួន​៥០៥​នាក់ ស្រី​២២៦​នាក់ ក្នុងនោះ កុមារ ៥៦​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ ១២​នាក់​។ បច្ចុប្បន្ន​នៅសល់​ចំនួន​១៤៩​នាក់ ក្នុងនោះ​ស្រី ៦៨​នាក់ កំពុងស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណូលស្រុក​មកពី​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​ផង ដែរ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​