ក្រុម​ចលនា​យុវជន​កម្ពុជា ១៥៧​ខេត្តកណ្តាល និង​ខេត្តព្រះវិហារ បាន​នាំយក​គ្រឿង​បរិក្ខា​ប្រើប្រាស់ និង​គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភ​ដល់​អង្គភាព​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ !

ខេត្តព្រះវិហារ​៖ សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ត្រូវគេ​ដឹងថា គឺមាន​លោក​ឧកញ៉ា ស្រី ចាន់ថន ជា​ប្រធាន​សមាគម​។ នៅ​ថ្ងៃទី​១៧​មិថុនា ម្សិលមិញ តំណាង​សមាគម​ចលនា​ជនកម្ពុជា ១៥៧ ខេត្តកណ្តាល និង​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ខេត្តព្រះវិហារ ដឹកនាំ​ដោយ លោក គិ​ម សំអឿន បាន​សហការ​រួមគ្នា នាំយក​អំណោយ​របស់លោក​ឧកញ៉ា ស្រី ចាន់ថន មក​ឧបត្ថម្ភ​ដល់​អង្គភាព​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត ចំណុះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នៃ​យោធភូមិភាគ​ទី​៤​។

​នៅក្នុង​ដំណើរ​ចុះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ទាំងពីរ​ខេត្ត គឺ​ខេត្តកណ្តាល និង​ខេត្តព្រះវិហារ នា​ល្ងាច​ថ្ងៃទី​១៧​មិថុនា ម្សិលមិញ​នោះ គឺធ្វើឡើង​ក្រោម​ការទទួល​រាក់ទាក់​ពី មេ​បញ្ជា​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា រួមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅក្នុង​អង្គភាព​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត នៃ​ទិស​ប្រាសាទព្រះវិហារ នោះ​ផង​ទៀត​។​
ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ខេត្តកណ្តាល លោក​ឧកញ៉ា ស្រី ចាន់ថន និង​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ខេត្តព្រះវិហារ លោក គិ​ម សំអឿន បាន​ឧបត្ថម្ភ​អំណោយ​ដល់​អង្គភាព​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត នៅពេលនោះ រួមមាន​៖ ស៊ីម៉ងត៍ ២​តោន , ស័ង្កសី ៥០​សន្លឹក ,​ស៊ីទែន​ទឹក​១​ពាន់​លីត្រ ចំនួន ៤​ស៊ីទែន ,​អង្ករ ១​តោន ,​មី ២០​កេស ,​ទឹកស៊ីអ៊ីវ ១០​យួរ ,​ទឹកត្រី ១០​យួរ ,​ប៊ីចេង ១៥​គីឡូក្រាម ,​អំបិល ១០០​គីឡូក្រាម ,​ត្រីខកំប៉ុង ១០​យួរ ,​ទឹកបរិសុទ្ធ ១០០​យួរ និង​នំ​បុ័ង​១២០​ដើម ថែម​ទៀតផង​។

​តំណាង​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ខេត្តកណ្តាល និង​ខេត្តព្រះវិហារ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​លោក​ឧកញ៉ា ស្រី ចាន់ថន ចំពោះ​យុទ្ធជន​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​អោយបាន​ល្អ ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មិនមាន​វត្តមាន​ធ្ងន់​ធ្ង​រ​ក៏​មែនពិត ប៉ុន្តែ កងទ័ព​គ្រប់​ជាន់ថ្នាក់​នៅ​សមរភូមិ​មុខ ក៏ត្រូវ​បង្កើន​ការ​អនាម័យ​អោយបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់ ក្រសួង​ស​ខា​ភិ​បាល ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ ដ៏​កាច​សាហាវ​នេះ ទាំងអស់គ្នា​។ លោក​ថា ចំពោះ​ការផ្តល់​ជូនអំណោយ​នៅក្នុង​ពេលនេះ លោក​ឧកញ៉ា ស្រី ចាន់ថន គឺ​ដើម្បី​បន្ត​ការផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចទំនាក់ទំនង​ល្អ រវាង​កម្លាំង​កងទ័ព នៅ​សមរភូមិ​មុខ និង​ក្រុម​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ដែល​ស្ថិតនៅ​សមរភូមិ​ក្រោយ អោយ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​ថែមទៀត​។ លោក​បាន​បញ្ជាក់ថា សមាគម​ចលនា​យុវជន ១៥៧ នៅតែ​បន្ត​ជួយឧបត្ថម្ភ ទាំង​សម្ភារៈ​បរិក្ខា និង​គ្រឿង​បរិភោគ ដល់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ដែលមាន​មូលដ្ឋាន​នៅ​ទិស​ប្រាសាទព្រះវិហារ ទៅតាម​លទ្ធភាព នៅពេល​ក្រោយៗ ជា​បន្តទៀត​។​

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មានប្រសាសន៍​ស្វាគមន៍ នូវ​ដំណើរ​មកដល់​ទិស​សមរភូមិ​មុខ របស់​ក្រុម​ចលនា​យុវជន ១៥៧ នៅក្នុង​ពេលនេះ ហើយ​អង្គភាព​សឹក​រង​ខេត្តព្រះវិហារ នឹង​បន្ត​ពង្រឹង​កិច្ចទំនាក់ទំនង​នេះ អោយ​ស្ថិតនៅ​ល្អជា​និច្ច​។ លោក​ថា ការបរិច្ចាគ​នូវ​ធនធាន​របស់ លោក​ឧកញ៉ា ស្រី ចាន់ថន នៅក្នុង​ពេលនេះ បានបង្ហាញ​អោយឃើញថា គឺ​ពិតជា​បាន​ចូលរួមចំណែក ក្នុង​កិច្ច​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ធ្វើអោយ​ជីវភាព​កងទ័ព ដែល​ស្ថិតនៅ​សមរភូមិ​មុខ មាន​ភាព​ធូរធារ និង​ដោះស្រាយ​ការខ្វះខាត បាន​មួយចំណែក​ទៀតផង​ដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ នាយទាហាន និង​ពលទាហាន នៃ​អង្គភាព​ទិស​ជួរមុខ បាន​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ពិសេស លោក​ឧកញ៉ា ស្រី ចាន់ថន សូម​សម្រេចបាន​ជោគជ័យ លើ​គ្រប់​ភារកិច្ច​នៅ​ចំពោះមុខ​ជានិច្ច ដែល​ចលនា​នេះ គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់ ក្នុងការ​រុញច្រាន​នាវា​កម្ពុជា អោយ​ឈាន​ឆ្ពោះទៅរក​ភាពរុងរឿង ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ លោក​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅ យើង​ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ ដើម្បី​កសាង​សង្គម​កម្ពុជា ប្រកបដោយ​ការអភិវឌ្ឍ ហើយ​លោក​បាន អរគុណ​សន្តិភាព ដែល​បានប្រែក្លាយ​កម្ពុជា ចាក​ចេញពី​ភ្នក់ភ្លើងសង្គ្រាម មកជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ លោក​បាន​បញ្ជាក់ថា កងទ័ព​ទាំងអស់ នឹង​ប្តេជ្ញា​ការពារ​រា​ជប​ល័​ង្គ រដ្ឋសភាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់ អោយបាន​ជាដាច់ខាត៕ ដោយ៖មន្ទីរព័ត៌មានខេត្តព្រះវិហារ