ប្រធាន​ក្រុមប្រឹក្សា អភិបាលខេត្ត និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​ព្រៃនប់ បាន​អញ្ជើញ​ស្តាប់​បទ​បង្ហាញ​ស្តីអំពី​ការអភិវឌ្ឍ និង​ការផ្តល់​សេវាសាធារណៈ​នៅ​ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​

​ព្រះសីហនុ​៖ ថ្ងៃ​ព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លូ គឹមឈន់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​ព្រៃនប់ បាន​អញ្ជើញ​ស្តាប់​បទ​បង្ហាញ​ស្តីអំពី​ការអភិវឌ្ឍ និង​ការផ្តល់​សេវាសាធារណៈ​នៅ​ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។

​លោក អ៊ុក សារឿន មេឃុំ​តា​នៃ បានធ្វើការ​បង្ហាញ​អំពី​វឌ្ឍនភាព និង​ការបំរើ​សេវាសាធារណ​នៅ​មូលដ្ឋាន​ឃុំ​តា​នៃ​ដូចខាងក្រោម​៖
-​ឃុំ​តា​នៃ មាន​៥​ភូមិ ប្រជាពលរដ្ឋ ១,១៦៥ គ្រួសារ
-​ក្នុង​ឆ្នាំ​២០២០ បាន​សាង​សង់ផ្ទះ ជូន​ប្រជាពលរដ្ឋ ៩​ខ្នង ស្មើនឹង ៤​ភូមិ
-​បានធ្វើ​ទំនប់​បង្ហៀ​ទឹក​ជូន​ប្រជាពលរដ្ឋ​ភូមិ​អន្លង់​ក្រពើ អស់​ថវិកា ១២,០០០​ដុល្លា ជា​អំណោយ​របស់ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ
-​ជួសជុល​ផ្លូវលំ​ប្រវែង ៥០០​ម៉ែត្រ និង​ស្ពានឈើ ០១ កន្លែង សាងសង់​ស្ពានបេតុង ០១​កន្លែង មាន​បណ្តោយ ២០​ម៉ែត្រ ទទឹង ៣,៥​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ និង​ផ្លូវ ៥០០​ម៉ែត្រ និង​ស្តារ​ប្រឡាយ​ប្រវែង ៥០០​ម៉ែត្រ នៅ​ភូមិ​តា​ពៅ អស់​ថវិកា ១២,៥០០​ដុល្លា​។
-​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍ និង​ថវិកា​រដ្ឋបាល​ឃុំ ឆ្នាំ​២០១៨ សរុប ៦៨,១២០,០០០ រៀល​។ ថវិកា​ឆ្នាំ​២០១៩ មាន ៨៤,១៦០,០០០​រៀល អនុវត្ត​ស្ពានបេតុង ០១​កន្លែង ប្រវែង ៧,៨០ ម៉ែត្រ ទទឹង ៥​ម៉ែត្រ កំពស់ ៤,៥​ម៉ែត្រ អស់​ថវិកា ១៤០,០០០,០០០​រៀល និង​ឆ្នាំ​២០២០ មាន​ថវិកា ១៩៨,១៤៥,០០០​រៀល គម្រោង​សាងសង់​ផ្លូវ​បេតុង ០២​ខ្សែ ស្ថិតនៅ​ភូមិ​តា​នៃ​០១​ខ្សែ និង​ភូមិ​តា​ពៅ​០១​ខ្សែ (​រង់ចាំ​នីតិវិធី​ដេញថ្លៃ​)​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន មានប្រសាសន៍ថា ដោយ​ទទួលបាន​ការឯកភាព​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គឺ​បានដាក់​កម្មវិធី​ជាក់លាក់​ក្នុង​ការចុះ​ស្តាប់ ត្រួតពិនិត្យ និង​ណែនាំ​ដល់​ឃុំ​សង្កាត់​អំពី​ការងារ​អភិវឌ្ឍ​មូលដ្ឋាន និង​ការបំរើ​សេវាសាធារណៈ​។ តាមរយៈ​ការ​ស្តាប់​របាយការណ៍រ​បស់​លោក​មេឃុំ ជំនួសមុខ​ឱ្យ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ប្រធាន​ក្រុមការងារ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏​សូម​ថ្លែង​ការកោតសរសើរ​ដល់​លោក​មេឃុំ​តា​នៃ ទោះបីថា​ទើបតែ​ជាប់ឆ្នោត ហើយ​ឃុំ​ទើបតែ​បង្កើត​ថ្មី​ក្នុង​អាណត្តិ​ទី​៤​នេះ ប៉ុន្តែ​អ្វីដែល​យើង​បាន​ស្តាប់​អំពី​ការគ្រប់គ្រង ការធ្វើផែនការ និង​ការ​បំរើសេវា​នៅទីនេះ ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​។ ឯកឧត្តម​បន្តថា គោលដៅ​របស់​ឯកឧត្តម​គឺ​ចង់​ធ្វើ​ការណែនាំ​ដល់​ក្រុមប្រឹក្សាឃុំ និង​អ្នកពាក់ព័ន្ធ ត្រូវ​រួមគ្នា​ខិតខំ​ធ្វើការ​ឱ្យបាន​សមស្រប​តាមច្បាប់ និង​គោលការណ៍​ណែនាំ​ដែល​យើង​មាន ពិតណាស់​ហើយ​ថា​ការរៀបចំ​ផែនការ​នេះ​គឺមាន​ការណែនាំ និង​ការបណ្តុះបណ្តាល​ជា​បន្តបន្ទាប់ ដែល​យើង​អាច​និយាយបានថា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​កើតឡើង​ស្របតាម​ច្បាប់រៀបចំអង្គកា​រ និង​ការគ្រប់គ្រង​ឃុំ​សង្កាត់​គឺ​យើង​មាន​តាំងពី​ឆ្នាំ​២០០២​។ ហើយ​ដែល​ឯកឧត្តម​ចង់ដឹង​គឺ​សមត្ថភាព​ដឹកនាំ​របស់​មេឃុំ ថា​ពិតជា​មានការ​យល់ដឹង​អំពី​ការរៀបចំ​ផែនការ​របស់ខ្លួន​បាន​ត្រឹមត្រូវ​ទៅតាម​ជំ​ហ៊ាន និង​ដំណាក់កាល​ហើយ​ឬ​នៅ ហើយ​ដំណាក់កាល និង​ជំ​ហ៊ាន​នីមួយៗ​បានចាប់ផ្តើម​ពីថ្ងៃ​ណា និង​បញ្ចប់​នៅ​ថ្ងៃ​ណា ហើយ​មានការ​លំបាក​អ្វីខ្លះ ដើម្បី​យើង​បានធ្វើ​ការដកពិសោធន៍ និង​យកទៅ​ធ្វើការ​ចែករំលែក​បន្ត​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា គោលដៅ​របស់​រាជរដ្ឋាភិបាល​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ណាស់​អំពី​យល់ដឹង និង​សមត្ថភាព​នៃ​ការដឹកនាំ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដោយ​បន្ត​អប់រំ​ផ្សព្វផ្សាយ បណ្តុះបណ្តាល និង​ការសង្កេត​ទៅលើ​សមិទ្ធផល​របស់​ឃុំ​-​សង្កាត់​នីមួយៗ​ធ្វើបាន​។ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បានសម្រេច​ទំលាក់​កញ្ចប់​ថវិកា​បន្ថែ​ម​សម្រាប់​ឆ្នាំ​២០២០​នេះ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​។ យើង​មាន​មោទនៈភាព និង​ត្រូវ​បង្កើន​សមត្ថភាព ដោយ​ខិតខំ​ឱ្យបាន​ហ្មត់ចត់​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ប្រើប្រាស់​កញ្ចប់​ថវិការ​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ឱ្យ ដោយ​យកទៅ​ប្រើប្រាស់​ចំ​គោលដៅ​អទិភាព ដើម្បី​បំរើ​ប្រជាពលរដ្ឋ​របស់​យើង​។ ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​គឺជា​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ ដោយ​ស្តាប់​មតិយោបល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​នីមួយៗ និង​ត្រូវ​ចេះ​កំណត់​អទិភាព​គម្រោង ដោយ​ធ្វើការ ដេញថ្លៃ​ប្រកបដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ទ្វេដង​។ សង្ឃឹមថា ឆ្នាំ​២០២០ ឃុំ​-​សង្កាត់ ទាំង​២៩ និង​អនុវត្តតាម​នីតិវិធី​ដោយ​ប្រើប្រាស់​កញ្ចក់​ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​ឃុំ សង្កាត់​ទទួលបាន​លទ្ធផល​ល្អ ។ ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បានផ្តល់​អនុសាសន៍​ចំពោះ​ការងារ​បំរើសេវា​សាធារណៈ ពិសេស​ការផ្តល់សេវា​អត្រានុកូលដ្ឋាន បន្ត​ខិតខំ​បំរើសេវា​កាន់តែ​ល្អ​។ មន្ត្រី​មូលដ្ឋាន​ត្រូវ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ក្រីក្រ​ឱ្យបាន​ច្បាស់លាស់ កាត់បន្ថយ​ក្រុម​គ្រួសារនិយម ដើម្បី​ជួយ​គ្រួសារ​ក្រីក្រ​ដែល​ជួប​ផលប៉ះពាល់​នឹង​វិបត្តិ Covid-១៩ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៍​បានផ្តល់​ប័ណ្ណ​សមធម៌ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​តា​នៃ​ចំនួន​២៧​គ្រួសារ ក្នុងនោះ​គ្រួសារ​ក្រទី​១ ចំនួន​១០ គ្រួសារ ក្រទី​២ ១៧​គ្រួសារ ។

​បន្ទាប់មក​ឯកឧត្តម​អភិបាលខេត្ត និង​ប្រតិភូ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល​នានា​របស់​ឃុំ​តា​នៃ​ដែល​សម្រេចបាន និង​បាន​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​