មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាស់តឿនដល់កងទ័ព ប្រចាំព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នអោយបានខ្ជាប់ខ្ជួន 

(ព្រះវិហារ)៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧មិថុនាឆ្នាំ២០២០ ក្នុងគ្រាដែលលោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធារបស់អង្គភាពសឹករងខេត្ត ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យពីស្ថានភាពជីវភាពរស់នៅ ពិនិត្យលេណដ្ឋាន និងភូមិសាស្ត្រឈរជើងរបស់កងទ័ព នៅតំបន់អានសេះជាប់ព្រំដែនថៃ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាន៍ ប្រាប់នាយទាហាន និងពលទាហានទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថា បើទោះបីជាស្ថានភាពព្រំដែន មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរយ៉ាងណាក៏ដោយ កងទ័ពទាំងអស់ត្រូវតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច មិនត្រូវធ្វេសប្រហែស ជាដាច់ខាត ហើយត្រូវចេញល្បាតនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់អង្គភាពនីមួយៗ អោយបានជាប់ជាប្រចាំ ត្រូវតាមដាន និងក្តាប់អោយបាន រាល់សកម្មភាព និងសភាពការណ៍ ដែលបានកើតឡើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រាប់កងទ័ពប្រចាំព្រំដែនទៀតថា ក្រៅពីកិច្ចការយាមល្បាត ក្តាប់សភាពការណ៍ព្រំដែន នាយទាហាន និងពលទាហាន ក៏ត្រូវរួមគ្នាពិនិត្យ និងកែលំអរលេណដ្ឋានឈរជើង ដែលជាមូលដ្ឋានត្រៀមប្រយុទ្ធនេះ អោយបានកាន់ល្អថែមទៀត ដើម្បីងាយស្រួលក្នុងការចល័តកម្លាំង នៅពេលមានសភាពការណ៍កើតឡើង ត្រូវដុះខាត់អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងត្រូវចេះគ្រប់គ្រងគ្រឿងបរិក្ខាយោធា ជាពិសេបំផុតនោះ ត្រូវចេះសាមគ្គីភាពគ្នា និងមានឯកភាពផ្ទៃក្នុង អោយបានល្អប្រសើរ។ លោកបានបន្តថា ក្រៅពីកិច្ចការងារការពារជាតិ នាយទាហាន និពលទាហានទាំងអស់ ត្រូវខិតខំកសាងអង្គភាព ការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងផ្គត់ផ្គង់ជីវភាពកងទ័ព នៅក្នុងអង្គភាព ស្របតាមទស្សនៈវិស័យរបស់ ក្រសួងការពារជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានព្រំដែនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងការថែរក្សាសុខភាព ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត អោយបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីការឆ្លងជំងឺកូវី១៩ ទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានឧបត្ថម្ភថវិកា ជូនដល់អង្គភាពវរសេនាតូចលេខ២ ចំនួន ២លាន៦សែន ៥ម៉ឺនរៀល ទុកសម្រាប់កសាងអង្គភាពផងដែរ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្តចុះសួរសុខទុក្ខ មេបញ្ជាការរង គ១ នៃវរសេនាតូចលេខ២ គឺលោកព្រិន្ទបាលឯក ស៊ុន គ្រៀល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងតំបន់ព្រំដែននោះ និងលោកបានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល អង្ករ២បេ ទឹកបរិសុទ្ធ ១កេស ទឹកដោះគោឆៅ ២យួរ និងស្ករសរ ១គីឡូក្រាម ទុកដោះស្រាយក្នុងជីវភាពគ្រួសារ គ្រាកំពុងជួបការលំបាក ផងទៀត៕