សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

(រតនគិរី) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅក្នុងវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ដោយបានការអញ្ជើញចូលរួម ពីឯកឧត្តម ណាប់ប៊ុន ហេង អនុប្រធានកិត្តិយសសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និងយុវជន អ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីទាំងអស់សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតឆ័ត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈ បារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជ សុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនារួចមក ឯកឧត្តមប្រធានគណៈកម្មាធិការ និងសហការី បានប្រគេនទេយ្យទានដល់ព្រះមេគណខេត្ត ព្រះចៅអធិការវត្ត និងព្រះថេរានុថេរ ចំនួន ៩អង្គ ក្នុង ១អង្គ រួមមាន៖ អង្ករ ២៥គ.ក មី ១កេស ទឹកបរិសុទ្ធ ១កេស ភេសជ្ជៈ ១កេស បច្ច័យចំនួន ១០០,០០០រៀល និងបច្ច័យរបស់សាលាខេត្តរតនគិរី ក្នុង១អង្គចំនួន ១០០,០០០រៀល ទៀតផងដែរ និងបានជូនបច្ច័យ យាយជី តាជី ១៥នាក់ ក្នុងម្នាក់ចំនួន២ម៉ឺនរៀល និងបច្ច័យកសាងរបស់សប្បុរសជន ចំនួន ១លាន ៣៤ ម៉ឺនរៀល៕