អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នាព្រឹកនេះ

APP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នាវេលាម៉ោង៩​ និង៣០នាទី ព្រឹកនៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ»  នៅទីស្តី ការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី។

ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ផងដែរថា សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់អំពីផលិតភាពកសិកម្ម របស់កម្ពុជា ដែលមានសក្តានុពល សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឱកាសកាលានុវត្តភាពជម្រុញឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាភាពល្អប្រសើរឡើងវិញនៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។

គួរបញ្ជាក់ផងដែរថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមគឺ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម៕ ដោយ៖ កន ចំណាន