រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​និង​ការត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ រសៀល​ថ្ងៃ​អង្គារ ១១​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់ និង​ការត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ប្រតិភូ​ក្រសួងទេសចរណ៍ អភិបាលរង​ខេត្ត អភិបាលក្រុង​ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន​បើក​កិច្ចប្រជុំ​ដោយ​គូសបញ្ជាក់ថា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រះសីហនុ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ដែល​យើង​បានរៀបចំ​គណៈ​កម្ម​អន្តរក្រសួង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងខែ​ធ្នូ​។ ក្នុងនោះ​យើង​មាន​ព្រឹត្តិការណ៍​២ ទី​១ រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ទី​២ រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​អាស៊ាន​នៅ​ខេត្តសៀមរាប នៅ​ដើមឆ្នាំ ២០២១​។ បុណ្យ​ស​មុទ​នៅ​ខេត្ត​ព្រះសីហនុ មាន​ជម្រើស​២ ទី​១ ធ្វើ​ផ្ទៃក្នុង ទី​២ ជា​លក្ខណៈ​បើកទូលាយ ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​នានា ដែល​រង់ចាំ​ការសម្រេច​ពី​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​ពិភពលោក​កំពុង​ជួប​វិបត្តិ Covid-១៩ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​យ៉ាង​មមាញឹក មាន​ផ្លូវ ៣៤​ខ្សែ និង​ឆ្នេរ​ខ្សាច់​ជាង ៩​គីឡូ ម៉ែត្រ ដែល​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស មានការ​កោតសរសើរ អបអរសាទរ ដែលជា​ស្នាដៃ​កូន​ខ្មែរ ជា​អ្នក​គូស​ប្លង់ និង​សាងសង់ ហើយ​ខ្មែរ​ធ្វើបាន ដែល​សមិទ្ធផល​ទាំងនេះ ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ ជម្រុញ​កំណើន​ទេសចរ និង​សេដ្ឋកិច្ច បច្ចុប្បន្ន​ភ្ញៀវ​ក្នុងស្រុក​មាន​ប្រមាណ ៦០​ម៉ឺន​នាក់​ក្នុង​មួយខែ កាល​មិនទាន់មាន Covid-១៩ ភ្ញៀវ​ក្នុងស្រុក​មាន​ជាង ១​លាន​នាក់ ក្នុង​មួយខែ ។ ទេសចរ​ក្នុងស្រុក​ដំណើរការ បាន​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​មួយផ្នែក យើង​បាន​លើកទឹកចិត្ត និង​ធ្វើ​ការណែនាំ​អំពី​សុវត្ថិភាព និង​សុខុមាលភាព​ដល់​ភ្ញៀវ​ក្នុងស្រុក ធ្វើឱ្យ​វិស័យ​ទេសចរណ៍​រក្សាបាន​នូវ​គុណភាព និង​សេវាកម្ម​ដោយ​ធានាថា មិនមាន​ផលប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដោយ​តម្រូវ​ពាក់​ម៉ាស់ លៀង​សម្អាត​ដៃ រក្សា​គម្លាត​ពីគ្នា និង​ការធ្វើ​អនាម័យ​ជាដើម ។ ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​ដែលមាន​ផ្លូវ ឆ្នេរសមុទ្រ កោះ យើង​ក៏ត្រូវ​រៀបចំ​កន្លែង​ចត​ឡាន បង្គន់​អនាម័យ បញ្ជរ​ពត៌មាន ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ ។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ​មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ហើយ​យើង​បានជ្រើសរើស​យក​ទីតាំង​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ផ្លូវ​ប្រសព្វ​មហាវិថី​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី​៣​នេះ ដោយមាន​រៀបចំ​ពិ​ពណ៌​ពាណិជ្ជកម្ម និង​ផលិតផល​ខ្មែរ ដូច្នេះ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះទៅ​សិក្សា​ទីតាំង ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវ​ត្រៀម​រៀបចំ​ប្រព័ន្ធ​ទឹក ភ្លើង ដើម្បីឱ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ប្រព្រឹត្ត​ទៅដោយ​រលូន​នាពេលខាងមុខ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​