អភិបាលខេត្ដ​សៀមរាប ប្រគល់​រថយន្ត​បោសសម្អាត​ផ្លូវ​ចំនួន​៣​គ្រឿង ដល់​សាលាក្រុង​សៀមរាប !

​សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដ​សៀមរាប អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​រថយន្ត​សម្រាប់​បោសសម្អាត​ផ្លូវ​ចំនួន​៣​គ្រឿង ដល់​សាលាក្រុង​សៀមរាប ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​។​

​រថយន្ត​ទាំង​៣​គ្រឿង​នេះ ពីរ​គ្រឿង ជា​ជំនួយ​របស់​ប្រទេស​ចិន និង​មួយគ្រឿង​ទៀត ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់ជូន​តាមរយៈរ​ដ្ឋ​បាល​ខេត្តសៀមរាប​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ដ មានប្រសាសន៍ថា ជំនួយ​រថយន្ត​សម្រាប់​បោសសម្អាត​ផ្លូវ​ទាំងនេះ ពិត​មាន​សារសំខាន់​ណាស់ ក្នុងការ​ថែរក្សា​សោ​ភណ្ឌ​ភាព សុខុមាលភាព​ប្រជាពលរដ្ឋ និង​ចូលរួម​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​នៅ​ខេត្ត​ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​មួយ​នេះ ។​

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប លើកឡើងថា បច្ចុប្បន្ន​ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ ក្នុង​ក្រុង ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​ខេត្ត កំពុងធ្វើការ​ស្ថាបនា​យ៉ាងសកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ។ រថយន្ត​ទាំង​៣​គ្រឿង​នេះ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បោសសម្អាត​ដី​នៅតាម​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ដី​ហុយ និង​ភាពកខ្វក់​នៅលើ​ដងផ្លូវ និង​ទៅលើ​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ ។​

​សូមជម្រាបថា រថយន្ត​បោសសម្អាត​ផ្លូវ​ដ៏​ទំនើប​នេះ មានភ្ជាប់​ឧបករណ៍ បាញ់​ទឹក​, បូម​ដី និង​បោស​ដី ជាពិសេស​វា​ដំណើរ​ការព្រម​គ្នា ដើម្បី​ចៀសវាង​ដី​ហុយ និង​ពុំ​ចាំបាច់​ប្រើ​មនុស្ស​ច្រើន​ក្នុងពេល​ប្រតិ​ប​ត្ត​ការសម្អាត​ឡើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​