អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រវៀង បាន​នាំមក​នូវ​គ្រឿងឧបភោគ​ ​បរិភោគ និង​បច្ច័យ ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​ព្រះ​រាជពិធី​ចម្រើន​ ​ព្រះជន្ម​វស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥​ព្រះវស្សា សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ​

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក ហោ ប៊ុនហួរ អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រវៀង បាន​ដឹកនាំ​ក្រុមការងារ​នាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត​គឺ​៖ វត្ត​គិរី​សោភ័ណ ហៅ​វត្ត​ស្វាយ​ដំណាក់ ភូមិ​ស្វាយ​ដំណាក់ ឃុំ​រមទម និង​វត្ត​គិរី​និមិត្ត ហៅ​វត្ត​ឪឡឹក ភូមិ​ថ្នល់​កោង ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​ខួប ៨៤ យាង​ចូល ៨៥​ព្រះវស្សា សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​លោក ហោ ប៊ុនហួរ ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​អនុសាខា បាន​ឲ្យ​ដឹងថា ការនាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត នៅក្នុង​ឱកាស​នោះ ដើម្បី​ក្រាបបង្គំ​ទូលថ្វាយ​នូវ​អំណរ​សាទរ​រីករាយ​ក្រៃលែង ប្រកបដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​សម្តេច ព្រះមហាក្សត្រី ន​រោ​ត្ដម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដ៏​ម​ហាន​ក្ខ​ត្ដ​ឫក្ស​អធិកអធម នៃ​ព្រះ​រាជពិធី​
​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៨៤ យាង​ចូល ៨៥​ព្រះវស្សា​។​

​លោក ហោ ប៊ុនហួរ បាន​បន្តថា ស្ថិតក្នុង​បរិយាកាស​ដ៏​មង្គល​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័​ក្កិ​សិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោ​រាគៈ​ទេវី បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ និង​តេ​ជៈ​បារមី ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សូម​ព្រះ​មេ​ត្ដា​ជួយ​ប្រោះព្រំ​ការពារ​ថែរក្សា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ទ្រង់​ប្រកប​
​ដោយ ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ​៖ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​សព្ទសាធុការពរ​បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ជា​កូន​-​ចៅ របស់​ព្រះអង្គ​បាន​ជ្រកកោន រស់នៅ​ប្រកប​
​ដោយ​សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និង​រុងរឿង​ថ្កុំថ្កើង​ជានិច្ច​និរន្ដរ៍​ដរាប​តរៀង​ទៅ​។​

​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត​ខាងលើ​រួមមាន​៖ អង្ករ​០៣​បេ​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹក​ស៊ី​អុ​ី​វ​១​យួរ​, ឃី​ត​១​កញ្ចប់ និង​ថវិកា​ចំនួន ២២៦,០០០​រៀល​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​