មន្ត្រីជំនាញខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ នៅផ្សារថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ និងស្វែងរកប្រភេទស្រាថ្នាំចិនសែ តាំង គួយ ដែលសង្ស័យថាបណ្តាលអោយមានករណីពុលចំពោះអ្នកផឹក

(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំប្រចាំខេត្តត្បូងឃ្មុំ (ក.ប.ប.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រី ក.ប.ប. បន្តចុះអង្កេតត្រួតពិនិត្យ និងធ្វើតេស្តម្ហូបអាហារ ជាគ្រឿងឧបភោគ និងបរិភោគ ដែលកំពុងដាក់តាំងលក់ក្នុងផ្សារថ្នល់ទទឹង ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យសុវត្ថិភាពទំនិញម្ហូបអាហារ ធានាសុខភាពដល់អ្នកទទួលទាន ជាពិសេសស្វែងរកប្រភេទស្រាថ្នាំចិនសែ តាំង គួយ ដែលសង្ស័យថាបណ្តាលអោយមានករណីពុលចំពោះអ្នកផឹក។

លោក មាស មោរ៉ា បញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទៅលើគ្រឿងឧបភោគ និងបរិភោគ និងធ្វើតេស្តលើគំរូផលិតផលត្រីងៀត ត្រីហើម មឹកក្រៀម ឃើញថាមានគុណភាពល្អ មិនមានវត្តមានសាធាតុគីមីហាមឃាត់ប៉ូរ៉ាក់នៅឡើយ ព្រមទាំងបានពិនិត្យឃើញថាអំបិលអ៊ីយ៉ូដ ពិតជាមានជាតិអីយ៉ូដត្រឹមត្រូវតាមស្តង់ដារ ក៍ដូចជាពិនិត្តរកឃើញដកហូតទំនិញហួសកាលបរិច្ឆេទបានមួយចំនួន ដោយឡែកស្រាថ្នាំចិន តាំង គួយ ពុំប្រទះឃើញមានដាក់តាំងលក់ក្នុងផ្សារនោះទេ។

លោក មាស មោរ៉ា ឲ្យដឹងទៀតថា មន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំ ពីរបៀប ជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឱ្យច្បាស់លាស់ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕