ព្រឹកថ្ងៃនេះ ពុំមានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ថ្មីនោះទេ

APP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០—

(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង៨ និង៣០ ព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០នេះ  ពុំរកឃើញករណីជំងឺកូវីដ–១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ–១៩ នៅ១២៨នាក់ដដែល ដែលអ្នកកំពុងសំរាកនៅមន្ទីរពេទ្យមាន៣នាក់ , ជាសះស្បើយសរុប ចំនួន១២៥ នាក់ និងស្លាប់គ្មាន ។

ជំងឺកូវីដ–១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច។ ជាមួយគ្នានោះ នាយកដ្ឋាន នៅតែអំពាវនាដល់ បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

CDC ក៏បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ពិធីជប់លៀង ការចាក់ធុងបាសរាំ , ត្រូវបន្តគម្លាតបុគ្គល ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។

សូមបញ្ជាក់ថា កម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ៕ ដោយ៖ កន ចំណាន