គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ៦០​គ្រួសារ ក្នុងស្រុក​ក្រឡាញ់ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សៀមរាប៖ ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ មាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ ចំនួន ៦០​គ្រួសារ ស្ថិតក្នុង​ស្រុក​ក្រឡាញ់​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ ទាង អេង ទៀ សីហា បាន​នាំយក​នូវ​ប្រសាសន៍​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណ​:​ក​ម្មា​ធិ​កាកបាទក្រហម​សាខា​ខេត្ត ដែល​លោក​តែងតែ បាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

​ជាការ​អំពាវនាវ លោកជំទាវ ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ​មក ខ្លួនឯង​ផ្ទាល់ និង ក្រុមគ្រួសារ​។

​សូមជម្រាបថា អំណោយ​មនុស្សធម៌ ដែល​បាន​ចែកជូន​នាពេលនោះ ក្នុង ១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស​, ត្រីខ​១​យួរ​, អាវយឺត​ចំនួន​២ និង​ថវិកា​៤​ម៉ឺន​រៀល​៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប