សម្តេចតេជោ បន្តអំពាវនាវដល់ជនរួមជាតិ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដោយហេតុថា ជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។ នេះបើយោងតាមការបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផេកផ្លូវការរបស់សម្តេច។

ដោយភ្ជាប់ជាមួយការអំពាវនាវខាងលើនោះ សម្តេចបានរំលេចថា »ដូចយើងទាំងអស់គ្នាបានដឹងហើយពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយឡែកក្នុងមណ្ឌលព្យាបាលកូវីដ១៩។ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ អោយសោះ»។

តាមរយៈហ្វេសប៊ុកផេករបស់សម្តេចតេជោ បានលើកឡើងទៀតថា តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510 ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។

ជាមួយវិធីបង្ការការពារកុំឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង សម្តេចតេជោ ហ៊ុន សែន បានស្នើដល់បងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ចំណែកឯទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានា ត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។

ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សម្តេចបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ខលទៅលេខ ១១៥ ហើយសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ កន ចំណាន