លោកជំទាវលាង ហៃ ជាវតាយ នាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តកំពត

(កំពត) ៖ នៅព្រឹកថ្ងៃសៅរ៍ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២០ នេះលោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ព្រមទាំងមន្ត្រីប្រតិបត្តិសាខា បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។

ក្នុងឱកាសនោះលោកជំទាវលាង ហៃ ជាវតាយ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ ។

បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក ក៏មានការប្រគេនទេយ្យទាន និងចង្ហាន់ដល់ព្រះសង្ឃចំនួន៣វត្ត រួមមានវត្តព្រះពុទ្ធជយមង្គលារាម វត្តជុំគ្រៀល និងវត្តស្នំប្រាំពីរ។

ទេយ្យទានប្រគេនមួយវត្តមួយៗរួមមានចង្ហាន់ សាដក៩ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស ស្កសរ៥គីឡូក្រាម អង្ករ៥បាវ ស្មើនឹង១២៥គីឡូក្រាម មី១០កេសតូច អំបិល៥០គីឡូក្រាម និងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ៕