ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាដែលនៅសេសសល់

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាស្រុកសាមគ្គីមានជ័យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបន្តនូវបញ្ហាដែលនៅសេសសល់ ដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈកន្លងមក។

កិច្ចប្រជុំប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការងារ ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត, សមាជិកក្រុមការងារ, ថ្នាក់ដឹកនាំស្រុក និងឃុំទាំង៩ចូលរួមផងដែរ។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បាននាំយកនូវធុងចម្រោះទឹកស្អាតចំនួន  ១០គ្រឿង (ខ្នាតធំ២ និងមធ្យម ៨ គ្រឿង) ប្រគល់ជូនរដ្ឋបាលស្រុកចំនួន ១គ្រឿង និងឃុំទាំង៩ ទទួលបានចំនួន ១គ្រឿង និងថវិកាមួយចំនួន ៕