គណ​:​ក​ម្មា​ធិ​ការ ICC Angkor បញ្ចប់​ការចុះពិនិត្យ​តាម​ការដ្ឋាន នៃ​គម្រោង​អភិរក្ស នៅ​រមណីយដ្ឋាន​អង្គរ !

​សៀមរាប​៖ គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា «​អាយ ស៊ី ស៊ី​-​អង្គរ​» បានបញ្ចប់​ការចុះពិនិត្យ​គម្រោង​ជួសជុល អភិរក្ស និង​អភិវឌ្ឍន៍​នៅតាម​បណ្តា​ការដ្ឋាន​របស់ខ្លួន ហើយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ។ ការចុះពិនិត្យ​នេះ​ធ្វើឡើង ចាប់តាំងពី​ថ្ងៃទី​០៦ ដល់ទី​១០ ខែ មិថុនា ឆ្នាំ​២០២០​កន្លងមក​។​

​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានអោយដឹង​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ក្នុងការ​ចុះមក​ពិនិត្យ​តាម​ការដ្ឋាន​ការងារ​ទាំងនេះ សហប្រធាន​បច្ចេកទេស​(​ស្ថានទូត​ជប៉ុន និង​បារាំង​) បាន​ប្តូរ​វេន​គ្នា​ដោយ​សហប្រធាន​បច្ចេកទេស​ជប៉ុន​បាន​ចុះ​ពិនិត្យ​ការងារ​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០​ខែមិថុនា នៅ​ការដ្ឋាន​ដូចជា ការដ្ឋាន​ផ្លូវ​កង់​, ផ្លូវ​មុខ​ព្រះ​លានជល់ដំរី​, ទីលាន​បដិសណ្ឋារកិច្ច​ប្រាសាទអង្គរវត្ត​, ការដ្ឋាន​ស្ពាន​ហាល​អង្គរវត្ត​, ការងារ​ជួសជុល​ព្រះ​លានជល់ដំរី​, ការដ្ឋាន​ប្រាសាទបាយ័ន​, ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​, ខ្លោងទ្វារ​តា​កាវ​, ការដ្ឋាន​ជួសជុល​កំពែង​ក្រុង​អង្គរធំ​, ការដ្ឋាន​ស្រះស្រង់ និង​ការងារ​នៅ​ការដ្ឋាន​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​។​

​ចំណែក​សហប្រធាន​បច្ចេក​ទេស​បារាំង បាន​បន្ដការងារ​នេះ​ដោយ​ចាប់ពី​ការដ្ឋាន​នៅ​ប្រាសាទមេបុណ្យខាងលិច ដែលជា​ការដ្ឋាន​មួយ​ទទួល​ជំនួយ​ថវិកា​ពី​ស្ថានទូត​បារាំង​។ ចេញពី​មេបុណ្យ សហប្រធាន​បារាំង​បាន​បន្តទៅ​ពិនិត្យ​ការដ្ឋាន​ប្រាសាទអកយំ​, ប្រាសាទទន្លេស្ងួត​, ប្រាសាទព្រៃប្រាសាទ (​ប្រាសាទ​តា​អួន​), ប្រាសាទបន្ទាយ​ធំ និង​ការដ្ឋាន​ប្រាសាទបន្ទាយស្រី​។​
​សូមបញ្ជាក់ថា ជា​ទៀងទាត់​គណ​:​ក​ម្មា​ធិ​ការ ICC Angkor តែង​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​នានា​នៅក្នុង​តំបន់​អង្គរ ដើម្បី​តាមដាន​ការ អនុវត្តន៍​នូវ​រាល់​អនុសាសន៍​ដែល​បានផ្តល់​ជូន​ក្នុង​កិច្ចប្រជុំ​មុនៗ​សម្រាប់​រាល់​គម្រោង ថា​តើ​បាន​អនុវត្ត​ត្រឹមត្រូវ​ហើយ​ឬ​នៅ​? និង​លើក​យកមក​ពិភាក្សា​នូវ​បញ្ហា​ប្រឈម​នានា​ក្នុងការ​ដោះស្រាយ នៅពេល​កិច្ចប្រជុំ​។ កម្មវិធី​នៅ​ឆ្នាំនេះ​ដូច​រាល់​ឆ្នាំ​ដែរ គឺ​តែងមាន​អ្នកជំនាញការ​ធំៗ​របស់​យូណេស្កូ ចុះ​មើល​ការដ្ឋាន​ជាតិ និង​អន្ដរជាតិ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​លើក​ជា យោបល់​ដល់​ក្រុមការងារ​ទាំងអស់​ឱ្យធ្វើ និង​អនុវត្តន៍​តាម ពិសេស​គឺ​ត្រួតពិនិត្យ​ការងារ​កន្លងមក ថា​តើ​ធ្វើតាម​ការណែនាំ​របស់​អ្នកជំនាញការ​ទាំងនោះ​អនុវត្តបាន​សព្វ​ជ្រុងជ្រោយ​ដែរ ឬទេ ។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង ចាប់តាំងពី​ថ្ងៃទី​០៦ ដល់ទី​១០ ខែមិថុនា ឆ្នាំ​២០២០ សហប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អាស៊ី​ស៊ី​-​អង្គរ មន្ត្រី​នៃ​ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា រួម និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​ជួសជុល​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ជោគជ័យ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា កិច្ចប្រជុំ ICC Angkor នា​ឆ្នាំនេះ ត្រូវបាន​លុបចោល ដោយសារ​ជំងឺ​កូ​វីដ​១៩៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​