ថ្នាក់ដឹកនាំ​និង​ភរិយា​ថ្នាក់ដឹកនាំ​ខេត្តកំពត​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ឧបត្ថម្ភ​ជូន​ដល់​មជ្ឈមណ្ឌល​កុមារ​ពិការ​កំព្រា ក្រីក្រ​នៅក្នុង​ខេត្ត​

(​កំពត​)៖ ក្នុងឱកាស​ខួប​លើក​ទី​៧១ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​១៩​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០២០​។ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ មិថុនា​ឆ្នាំ​២០២០ លោកជំទាវ​លាង ហៃ ជាវ តា​យ និង​លោកជំទាវ​ថុង ធា​រី​ជឹ​ង ផល្លា ព្រមទាំង​ថ្នាក់ដឹកនាំ និង​ភរិយា​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​សប្បុរសធម៌ ជា​ស្បៀងអាហារ​សម្ភារៈប្រើប្រាស់​និង​ថវិកា​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ជូន​ដល់​កុមារកំព្រា ពិការ​និង​ក្រីក្រ ដែល​កំពុង​រស់នៅ​តាម​មជ្ឈមណ្ឌល​ចំនួន​២​ក្នុង​ខេត្តកំពត​គឺ មជ្ឈមណ្ឌល​ភូមិ​កុមារ​(​អេស​.​អូ​.​អេស​)​កំពត នៅក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ និង​មជ្ឈមណ្ឌល​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ​ខេត្តកំពត​ស្ថិតនៅ​ភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បុគ្គលិក អ្នក​ម្ដាយ កូនៗ ដែលជា​កុមារ កំព្រា​ពិការ និង​ក្រីក្រ លោកជំទាវ​លាង ហៃ ជាវ តា​យ តំណាង​ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​កោតសរសើរ ដល់​សប្បុរសជន ថ្នាក់ដឹកនាំ បុគ្គលិក​អ្នក​ម្ដាយ ព្រមទាំង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តកំពត​ដែល​តែងតែបាន ជួយ​គាំពារ ទំនុកបម្រុង​ឧបត្ថម្ភ និង​ការថែទាំ បណ្ដុះបណ្ដាល​កុមារកំព្រា ពិការ និង​ក្រីក្រ ទាំងអស់នោះ ប្រកបដោយ​ចំណេះ ជំនាញ និង​សង្ឃឹម​តទៅ​អនាគត​ក្លាយជា​ពលរដ្ឋ​ល្អ ជា​ធនធានមនុស្ស​បំរើ​ប្រយោជន៍​ក្នុង​សង្គមជាតិ ដែល​ស្របទៅនឹង​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បន្ត​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​កុមារ​។​
​ពិសេស​ការបន្ត​លើកស្ទួយ​វិស័យ​សុខមាលភាព​កុមារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​នៅ​កម្ពុជា​។​

​លោកជំទាវ​លាង ហៃ ជាវ តា​យ ក៏បាន​សំណូមពរ​អំពាវនាវ ដល់​សប្បុរសជន​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ មេត្តា​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ទំនប់​បម្រុង​ជួយ​ដល់​កុមារ​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្តទៀត​។​ពិសេស​ថ្នាក់ដឹកនាំ​បុគ្គលិក​និង​អ្នក​ម្ដាយ​លោកគ្រូ អ្នកគ្រូ សូម​បន្ត​បង្កើន​ក្ដីមេត្តា​ធម៌​ប្រណី​ដល់​កុមារ ប្រកបដោយ​ឆន្ទៈ ដើម្បីឱ្យ​កុមារ​ទាំងអស់នោះ មាន​ភាពកក់ក្ដៅ ក្រេបជញ្ជក់​នូវ​ចំណេះដឹង​និង​ជំនាញ​ក្លាយជា​ពលរដ្ឋ​មាន​សមត្ថភាព​ជួយ​ដល់​សង្គម​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​មានការ​រីកចម្រើន​តទៅ​អនាគត​។​
​ក្នុងឱកាស​នោះ​គណៈប្រតិភូ​ក៏បាន​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ចំនួន​ពីរ​ខាងលើ​ដោយ​មជ្ឈមណ្ឌល​នីមួយៗ​ទទួលបាន​អង្ករ​២០០​គីឡូ សាប៊ូដុំ​៤ កេះ សាប៊ូម្សៅ​៤​កេះ ទឹកស៊ីអ៊ីវ​១០​យួរ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​សម្ភា​រៈ​ប្រើប្រាស់​និង​ថវិកា​មួយចំនួនទៀត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​