រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ

(តាកែវ)៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នៅព្រឹកថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្រ្តីរាជការមន្ទីរសុខាភិបាល និងរដ្ឋបាលខេត្តពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ គឺផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តគ្រប់ជាន់ថ្នាក់ក៏ដូចជា មន្ត្រីបុគ្គិលិកសុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និងត្រូវមានក្រមសីលធម៌ លក្ខណ:សម្បត្តិក្នុងការបំពេញការងារព្យាបាលជូនប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តចូលរួមដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឲ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃរលកទី២ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍ក្នុងខេត្ត។

សូមបញ្ជាក់ដែរថា ការផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ នាពេលនេះ គឺយោងតាមលិខិតលេខ ១៦២២ សជណ របស់ក្រសួងមហាផ្ទៃ ស្ដីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រកាសអន្តរក្រសួងលេខ ១៥២ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់ អនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ