អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ចាប់ផ្តើម​ដឹក​ទឹក​បញ្ចូល ក្នុង​ក​សិន្ធុ​ប្រាសាទបាគង ដើម្បី​សង្គ្រោះ​ត្រី​ដែល​នៅ​សេសសល់

​សៀមរាប​៖ លោក សូ​ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ​ថា កាលពី​ថ្ងៃទី​០៨ ខែមិថុនា មាន​ត្រី​ប្រា​ប្រមាណ​ជា​១៣​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់ មូលហេតុ​ដោយសារ​ទឹក​នៅ​ក​សិ​ន្ទុ​ប្រាសាទ​បាន​រីង​ហួត​រាក់​ធ្វើឱ្យ​ទឹក​ឡើងក​ម្តៅ ។ ដោយ​ពិនិត្យឃើញ​ហេតុការណ៍​បែបនេះ កាលពី​ថ្ងៃទី​១០ ខែមិថុនា កន្លងមកនេះ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​បាន​រិះរក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​ដោយ​ស្នើសុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ស្នងការ​នគរបាល និង​ស្ថាប័ន​ផ្សេងៗ ចំនួន​៥​គ្រឿង ដើម្បី​ដឹក​ទឹក​យកមក​បញ្ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង ចាប់ពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា​រហូតមក ក្នុងការ​សង្គ្រោះ​ត្រី ដែល​នៅ​សេសសល់​។​


​លោក សូ​ប្លា​តុង បាន​បញ្ជាក់ថា ដើម្បី​សង្គ្រោះ​ត្រី ដែល​នៅ​សេសសល់ អាជ្ញាធរ​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៣​ចំណុច​ក្នុងនោះ​ទី​១​សមត្ថកិច្ច​បាន​យក​រថយន្ត​ដឹក​ទឹក​ពី​ក្រៅ មក​បញ្ចូល​ក្នុង​ក​សិន្ធុ ដើម្បីឱ្យ​ត្រី​នៅ​សេសសល់​អាច​បន្តរ​ស់បាន ទី​២​ការបុក​អណ្តូងទឹក​ដើម្បី​បូមទឹក​ប​ញ្ជូ​ល​ទៅក្នុង​ក​សិន្ធុ​នេះ និង​ទី​៣​កម្លាំង​ប្រជា​ការពារ​ពី​៥០​ទៅ​៦០​នាក់ បន្ត​កាយ​ភក់​ចេញ ដើម្បីឱ្យ​ជ្រៅ​បន្តិច ហើយ​នៅ​ថ្ងៃ​បន្ត​បន្ទា​បើ នឹងមាន​កម្លាំង​ពី​អាជ្ញាធរ​អប្សរា​ចូលរួម​ជាមួយ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទ​០៨​ខែមិថុនា​ប្រជាពលរដ្ឋ​រួមជាមួយ​ព្រះសង្ឃ​បាន​ប្រទះឃើញ​ត្រី​ងាប់​ជា​បន្តបន្ទាប់ ដោយសារតែ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង​រីង​រាក់​ធ្វើឡើង​កម្តៅ​។

​ក្នុងនោះ​មាន​ត្រី​មួយចំនួន​ត្រូវបាន​យកទៅដាក់​នូវ​ស្រះ​ផ្សេង និង​បាន​យក​សត្វ​ក​ន្ទា​យ​ដ៏​ធំ​មួយ​ទៅ​ប្រោះ​ទុក​នៅ​អាង​ក្នុង​វត្ត​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​