រដ្ឋបាល​ស្រុក​ស្រីស្នំ គ្រោង​រៀបចំ​តំបន់​រមណីយដ្ឋាន​ក្នុងស្រុក រួម​និង​ផ្សារណាត់ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាស្រុក​ស្រីស្នំ មាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​១ ក្នុងការ​បង្កើត​រមណី​យ​ដ្ឋា​ន​ក្នុងស្រុក និង​ផ្សារណាត់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ខណ​:​ស្រុក​មួយ​នេះ មាន​តំបន់​ប្រកបដោយ​សក្ដានុពល​ទេសចរណ៍​ជាច្រើន​កន្លែង​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បង្ហាញថា ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ឯកឧត្តម តែងតែបាន​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត ធ្វើការ​បំផុស និង​ផ្សព្វផ្សាយ ក៏ដូចជា​បង្កើត​សេវាកម្ម​ទេសចរណ៍​បន្ថែ​ម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន អាច​ទទួលបាន​ប្រាក់ចំណូល​បន្ថែម ក្រៅពី​ការប្រកប​របរ​កសិក​ម្ម​។

​តាម​ការបញ្ជាក់​ពី​លោក​អភិបាលរង​ខេត្ត កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​សិក្សា និង​ប្រមូល​ធាតុ​ចូល​សំខាន់ៗ ក្នុងការ​បង្កើត​គម្រោង​នេះ​។ ការពិភាក្សា​នេះដែរ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរខេត្ត ជុំវិញ​ផលប៉ះពាល់​នានា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន នាពេល​អនាគត​។

​លោក ហ៊​ន់ ឫទ្ធិ អភិបាលស្រុក​ស្រីស្នំ បង្ហាញថា បច្ចុប្បន្ន​ស្រុក​បាន​វាយតម្លៃ​តំបន់​ដែលមាន​សក្ដានុពល​ចំនួន​១៣​កន្លែង រួម​និង​ការបង្កើត​ផ្សារណាត់​មួយកន្លែង​ផងដែរ​។​

​សូមជម្រាបថា គម្រោង​ផ្សារណាត់ នឹង​ក្លាយជា​ទីផ្សារ​ប្រមូល​នូវ​កសិផល ត្រី​សាច់ ធម្មជាតិ ដែលជា​ផលិត​បាន​ដោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ផ្សារណាត់​នេះដែរ គ្រោង​នឹង​បង្កើត​នៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៦៨ ក្នុងស្រុក​ស្រីស្នំ ប្រសិនបើ​មាន​សេចក្ដីសម្រេច​ពី​រដ្ឋបាលខេត្ត​។ ក្នុងការ​បង្កើត​ផ្សារណាត់ ក្នុងភូមិ​សាស្ត្រ​នេះ បានផ្ដល់​ភាពងាយស្រួល ដល់​អ្នកដំណើរ​ក្នុងស្រុក​ចុះ​ទស្សនា ឬ​ទិញ​ផលិតផល​ធម្មជាតិ ខណៈដំណើរ​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ត្រឡប់មក​ក្រុង​សៀមរាប​វិញ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​