គ្រួសារ​ចំនួន ២៦ គ្រូ​សារ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​កំពង់ត្របែក ទទួលបាន​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​

​ព្រៃវែង​៖ នៅ​រសៀល​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ២៦​គ្រួសារ និង​របួសធ្ងន់ ១​នាក់ នៅក្នុង​ឃុំ​ចំនួន ២ គឺ​ឃុំ​កន្សោម​អក នឹង​ឃុំ​គោខ្ចក ស្មើ​និង​ចំនួន ៧ ភូមិ ក្នុងស្រុក​កំពង់ត្របែក ក្នុងនោះ​រងគ្រោះ​ខូចខាត​ទាំងស្រុង​ចំនួន ១៣​គ្រួសារ និង​ខូចខាត​មធ្យម​ចំនួន ១៣​គ្រួសារ ព្រមទាំង​របួសធ្ងន់ ១​នាក់ ដោយរ​ទ​ផ្ទះ វាត់​ប៉ះ​ចង្កេះ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​នាឱកាស​នោះ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ ឯកឧត្តម​ក៏​សូម​ចូលរួម​សោកស្ដាយ​ចំពោះ បញ្ហា​ដែល​បានកើត​ឡើង​ដែល​បង្ក​ឱ្យ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ និង​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។​

​ឯកឧត្តម​សូម​ផ្ដាំផ្ញើ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ បញ្ហា​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ នៅពេល​មេឃ​ភ្លៀង​ត្រូវ​បិត​ទូរ​សព្ទ បិត​ទូរទស្សន៍ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ដូច្នេះ​បញ្ហា​ទាំងអស់នេះ​វា​នឹង​អាច​កើតមានឡើង​ជាយថាហេតុ​។​

​សម្ភារៈ​ផ្តល់ជូន​រួមមាន គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ អង្ករ ២៥​គ​.​ក អាវ ៥ តង់ ១ កន្ទេល​១ មី ១​កេស ត្រី ខ ១​យួរ ឃី​ត ១​កញ្ចប់ (​មុង ភួយ ក្រមា សា​រ៉ុង​) និង​ថវិកា​ចំនួន ១០០,០០០​រៀល​។ ចំណែកឯ គ្រួសារ​រងគ្រោះ​មធ្យម ទ​ទូល​បាន​អង្ករ ២៥​គ​.​ក អាវ ៥ កន្ទេល ១ មី ១​កេស ត្រី ខ ១​យួរ ឃី​ត ១​កញ្ចប់ (​មុង ភួយ ក្រមា សា​រ៉ុង​) និង​ថវិកា​ចំនួន ៥០,០០០​រៀល​។ ចំពោះ​អ្នករបួសធ្ងន់​ដោយសារ​ខ្យល់​កន្ត្រាក់ សាខា ឧបត្ថម្ភ​ថវិកា​ចំនួន ២០០,០០០​រៀល​។​
​ដោយឡែក ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ២៦​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន ៥០,០០០​រៀល និង​អ្នករបួសធ្ងន់​ដោយសារ​ខ្យល់​កន្ត្រាក់ ទទួលបាន ១០០,០០០​រៀល​។​


​ឯកឧត្តម ហោ សំអាត ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កន្សោម​អក ឧបត្ថម្ភ​ថវិកា​បន្ថែម ដល់​គ្រួសារ​រងគ្រោះ​ចំនួន ១៥​គ្រួសារ នៅក្នុង​ឃុំ​កន្សោម​អក ក្នុងនោះ​រងគ្រោះ​ធ្ងន់ធ្ងរ ចំនួន ៧​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន ១,០០០,០០០​រៀល និង​គ្រួសារ​រងគ្រោះ​មធ្យម ចំនួន ៨​គ្រួសារ ក្នុង ១​គ្រួសារ ទទួលបាន ៥០០,០០០​រៀល​នោះ​ផងដែ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​