លទ្ធផល​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​

(​ភ្នំពេញ​)៖​នៅ​ព្រឹកល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ណា​រិន្ទ​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី និង​នៅក្នុង​តំបន់​ផងដែរ​។​

​ក្នុងជំនួប​តាម​ទូរស័ព្ទ​នោះ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​កោត​ស​សើរ​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ ជំងឺ​កូ​វីដ​១៩ ដែល​អាចជា​គម្រូ​សម្រាប់​ពិភពលោក​។ លោក ណា​រិន្ទ​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បានបញ្ជាក់​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថា ឥណ្ឌា​ចាត់ទុក​កម្ពុជា គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​នយោបាយ ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​ខ្លួន (Act East Policy)​។ គោលនយោបាយ​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត (Act East Polocy) ធ្វើឡើង​តាមរយៈ​វិស័យ​ចំនួន​៤ គឺ​ការការពារ​សន្តិសុខ​ម​ហា​សមុទ្រ​ឥណ្ឌា សមាហរណកម្ម​ជាមួយ​អាស៊ីអាគ្នេយ៍ ការធ្វើ​ឲ្យ​ស៉ី​ជម្រៅ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​មហាអំណាច​នានា និង​ការគ្រប់គ្រង​ជម្លោះ​ជាមួយ​ប្រទេស​ចិន​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៉ី​ជម្រៅ​ថែមទៀត ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ចាត់ទុក​ប្រទេស​កម្ពុជា ថា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​នយោបាយ ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​របស់​ឥណ្ឌា​។ ថ្នាក់ដឹកនាំ​ទាំងពីរ ថែមទាំង​បាន​ប្តេជ្ញា​បន្ត​ពង្រឹង សហប្រតិបត្តិការ​តំបន់ ក្នុងនោះ​រួមមាន​ក្របខ័ណ្ឌ ASEAN-India និង​មេគង្គ​-​គង្គា​។ ពាក់ព័ន្ធ​នឹង​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ និង​បុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូ​ឌី បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ការទុកចិត្ត​ឲ្យ​ឥណ្ឌា ធ្វើជា​សហប្រធាន​នៃ​គណៈកម្មាធិការ សម្របសម្រួល​អន្តរជាតិ ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​។​

​នៅក្នុង​ជំនួប​នោះ​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឥណ្ឌា បាន​សម្របសម្រួល​ដល់​ការធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ​របស់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ក្នុង​វិបត្តិ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ហើយ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​បានឱ្យដឹងថា នៅ​ថ្ងៃទី​១២ ខែមិថុនា យន្តហោះ​១​គ្រឿង នឹង​ដឹក​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន​៦០​នាក់ ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​វិញ​។ ហើយ​នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ ប្រជាពលរដ្ឋ​ឥណ្ឌា បាន​វិលត្រឡប់​ទៅ​ប្រទេស​វិញ និង​មួយ​ជើង​ទៀត​នឹង​ដឹក​ពលរដ្ឋ​ឥណ្ឌា​២៨០​នាក់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​ផងដែរ​។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ថា ដំណើរ​ទៅមុខ​ដើម្បី​ស្ថា​រ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​ជា​អន្តរជាតិ​កាន់តែខ្លាំង​ជាង​មុន​៕​