កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​វឌ្ឍនភាព នៃ​ការគ្រប់គ្រង​សំណល់​រឹង​ទីប្រជុំជន ក្រុង​ស្វាយរៀង ក្រុង​បាវិត និង​រៀបចំ​គំ​ម្រោ​ង​ផែនការ​រៀបចំ​ការគ្រប់គ្រង​សំណល់​រឹង​ទីប្រជុំជន នៅ​ស្រុក​រមាសហែក​

(​ស្វាយរៀង​)៖​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៦​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០។

​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​ឯកឧត្ដម​អភិបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​វឌ្ឍនភាព នៃ​ការគ្រប់គ្រង​សំណល់​រឹង​ទីប្រជុំជន របស់​ក្រុង​ស្វាយរៀង ក្រុង​បាវិត និង​រៀប​គំ​ម្រោ​ង​ផែនការ​រៀបចំ​ការគ្រប់គ្រង​សំណល់​រឹង​ទីប្រជុំជន នៅ​ស្រុក​រមាសហែក នៅ​សាលប្រជុំ​ព្រៃ​បាសាក់ សាលាខេត្ត​ស្វាយរៀង​។​

​ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​ទេសចរណ៍ លោក​អភិបាលក្រុង​ស្វាយរៀង ក្រុង​បាវិត លោក​អភិបាលស្រុក​រមាសហែក និង​តំណាង​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ស្វាយរៀង​។​

​នា​កិច្ចប្រជុំ​នេះ ឯកឧត្ដម អភិបាលរង បាន​លើកឡើងថា​ចំពោះ​ក្រុង​ទាំង​២ និង​ស្រុក​រមាសហែក អាច​រៀបចំ​គម្រោង​ផែនការ​ក្នុង​គ្រប់គ្រង​កាកសំណល់​រឹង នៅ​ទីប្រជុំជន ដោយ​ផ្អែកទៅលើ​ចំណុច​៣​គឺ ទី​១​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​រឹង នៅ​ទីប្រជុំជន ដោយ​ខ្លួនឯង ទី​២​ការរៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង់​កាកសំណល់​រឹង នៅ​ទីប្រជុំជន ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សម្រាម និង​ទី​៣​ការរៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង់​កាកសំណល់​រឹង នៅ​ទីប្រជុំជន​ដោយ​ក្រុមហ៊ុន ដែល​ចុះ​កិច្ច​កុងត្រា​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក​។​

​លើសពីនេះ ឯកឧត្ដម​អភិបាលរង បាន​ក្រើនរំលឹក​ដែលថា ក្រុង​ទាំង​២ ត្រូវ​រៀបចំ​យន្តការ​គ្រប់គ្រង​ដឹកនាំ តម្លៃ​សេវា ក្នុងការ​ប្រមូល​សំរាម កំណត់​មុខសញ្ញា​(​ដេប៉ូ​សម្រាប់​ដាក់​សម្រាម​)​ជា​អាទិភាព​ក្នុងការ​ប្រមូល​សម្រាម រៀបចំ​កាលវិភាគ​សម្រាប់​ប្រមូល​សម្រាម​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ ការពិន័យ​អន្តរកាល​ចំពោះ​ជន​ខិល​ខូ​ល​មួយចំនួន​បោះ​សម្រាម​ចោល​ពាសវាល​ពាសកាល និង​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ ហើយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នៅក្នុង​សង្កាត់ អោយបាន​ដឹង​។​

​ជា​ចុងបញ្ចប់ ឯកឧត្ដម បាន​បន្ថែមទៀតថា ត្រូវ​រៀបចំ​យន្តការ​ត្រួតពិនិត្យ​បច្ចេកទេស​ការប្រមូល​ស​ម្រាម​(​រួមមាន កម្មករ ឡាន​ឬ​រ៉ឺម៉ក​ដឹក​សម្រាម​) និង​វាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន​ប្រមូល​សម្រាម ហើយ​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆមាស​ទី​១ ទី​២ និង​ប្រចាំឆ្នាំ ក្នុងកំឡុងពេល​រៀបចំ​ផែនការ​សកម្មភាព​ឆមាស ត្រូវ​រៀបចំ​កិច្ចប្រជុំ​រៀងរាល់ ៣​ខែម្ដង​៕ សម្រួល​ដោយ​៖ ធូ កុសល​